លោក ផៃ ស៊ីផាន ឆ្លើយតប​រឿង​មេសហជីព អំពាវនាវ​ឱ្យ​សម្តេច ហ៊ុន សែន ធ្វើតាម​សំណើ​របស់ EU

  • 2020-01-03 07:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានថ្លែងប្រាប់ខ្លីៗ នៅថ្ងៃទី៣ ខែមករា ថា កម្ពុជា​បានឲ្យដឹងថា រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​អ្វី​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃច្បាប់ ក្របខណ្ឌនៃរដ្ឋធម្មនុញ្ញនិងក្របខណ្ឌអធិបតេយ្យភាពរបស់កម្ពុជា។ រាជ​រដ្ឋា​ភិបាល​ស្វែង​រក​គ្រប់​វិធាន​ស្វែងរក​ការ​ជជែក​គ្នា​ដោយ​ស្ថិត​ក្នុង​កិច្ចការ​រក្សា​ជា​ប្រជា​ជាតិ​អធិប​តេយ្យ។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា " កម្មករ​មិន​គួរ​យក​អារម្មណ៍​ហួស​ពី​ការ​ពិត​ដែល​កើត​ឡើង​នោះ​ទេ។ ចាំប្រមើមើលថា អ្វីទៅដែលកើតឡើង ប៉ុន្តែ​អ្វី​ដែល​សម្ដេច ហ៊ុន សែន លើក​ឡើង​ថា​កុំ​ឱ្យ​មាន​ការ​បារម្ភ ការងារ​នៅ​តែ​មាន​ធ្វើ​ប្រាក់ខែ​នៅ​តែ​មាន​បើក​នេះ​ហើយ​ដែល​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​មិន​មែន​ជា​កាតព្វកិច្ច​របស់​អ្នក​ដែល​តែង​តែ​ដើរ​បំផ្លាញ​ឆ្នាំង​បាយ​កម្មករ​ហើយ​សម្រក់​ទឹក​ភ្នែក​ក្រពើ​យក​ប្រជាពិថុត​ពី​កម្មករ​នោះ​ទេ"។

ការ​ថ្លែងបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា គឺ​បន្ទាប់​ពី​សហព័ន្ធសហជីពកម្ពុជា នៅ​​ថ្ងៃ​ទី៣ ខែ​មករា បានដាក់ញ្ញត្តិជូនចំពោះសម្តេច ហ៊ុន សែន អំពាវនាវ ឲ្យ​អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដែលស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បើក​ចំហ​ប្រព័ន្ធ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ឲ្យ​មាន​លក្ខណៈ​ទូលំ​ទូលាយដូចមុនថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ និងធានាការគោរពសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋ ក្នុង​គ្រប់​វិស័យ ជាពិសេស វិស័យ​ការងារ និងសិទ្ធិសេរីភាពសហជីព។

នៅ​ក្នុង​បញ្ញត្តិ​បន្តថា «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ចង់​ទទួលបានសិទ្ធិសេរីភាពទូលំទូលាយដូចមានចែង ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ទន្ទឹមគ្នានេះ ក៏ចង់រក្សាការងារធ្វើ ដើម្បីជីវភាពរស់នៅ របស់យើងខ្ញុំ មិន​ចង់​ឲ្យ​មាន​ការ​បាត់​បង់ណាមួយ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បដិសេធ​សំណើ​ដ៏​ត្រឹម​ត្រូវ​របស់​សហភាព​អឺរ៉ុប ដែលស្របទៅ នឹងឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ ដែលចង់ឃើញលទ្ធិប្រជាធិបតេយ្យ​រស់​ឡើង​វិញ​នៅ​កម្ពុជា។ បើ​យើង​ខ្ញុំ​បាត់បង់ការងារធ្វើ ដោយសារតែការព្យួរប្រព័ន្ធអនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប នឹង​ចាត់ទុក ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកទទួល​ខុស​ត្រូវ ហើយ​ជា​អ្នក​នាំ​មក​នូវ​ទុក្ខ​លំបាក ដល់យើងខ្ញុំ និងក្រុមគ្រួសារ។ យើង​ខ្ញុំទាំងអស់គ្នា សង្ឃឹមថាសម្តេចតេជោ នឹងអនុវត្តតាមសំណើរបស់សហភាពអឺរ៉ុបដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA»៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;