កម្ពុជា បិទ​ការ​ធ្វើអាជីវកម្ម​រក​ស៊ី​របស់​ជន​ជាតិ​កូរ៉េ​ខាង​ជើង​តាម​ទណ្ឌកម្ម​អន្តរជាតិ

  • 2020-01-08 04:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភោជនីយដ្ឋានចំនួន ០៦ របស់កូរ៉េខាងជើង ដែល​កំពុង​តែ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បិទ។ ការបិទនេះ គឺអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល​ត្រូវ​ឲ្យរដ្ឋជាសមាជិកបញ្ឈប់ប្រតិបត្តិការរកលុយរបស់ជនជាតិកូរ៉េខាងជើងនៅក្រៅប្រទេស។

ភោជនីយដ្ឋាន​កូរ៉េខាងជើងចំនួន ០៦ គឺមាននៅក្នុងរាជធានីភ្នំពេញចំនួន ០៤កន្លែង និង​នៅ​ខេត្ត​សៀមរាប​ចំនួន ២កន្លែង។ ចំណែកសារមន្ទីរប៉ាណូរ៉ាម៉ា របស់កូរ៉េខាងជើង មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប ក្បែរ​ប្រាសាទអង្គរវត្ត។ អ្នក​នាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា កម្ពុជាដែលជាសមាជិកអង្គការសហប្រជាជាតិ គឺ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ទាក់​ទង​រឿង​កូរ៉េខាង​ជើង។

លោក កុយ គួង បានបញ្ជាក់ថា “ក្នុងនាមជាប្រទេសសមាជិកអង្គការសហប្រជាជាតិ គឺយើង​បាន​ឯកភាព​យល់​ព្រមគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រោះ​យើង​យល់​ព្រមក្នុងការអនុវត្តសេចក្តីសម្រេចនេះហើយ បាន​ជា​យើង​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។ ដូច្នេះ​ហើយ​យើង​គ្រាន់​តែធ្វើ​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ដែល​តំណាង​ឲ្យ​ប្រទេស​ជា​សមាជិក​ចំនួន ១៩៣ប្រទេស ដូច្នេះខ្ញុំយល់ថា មិនមានអីគួរឲ្យកង្វល់ខ្វល់ខ្វាយពេកទេ យើង​គ្រាន់តែអនុវត្តតាមអង្គការធំមួយនេះ ដែលយើងជាសមាជិក គឺ​មាន​ករណី​កិច្ច​គោរព​តាម​សេចក្តី​សម្រេចនឹង”។

ចំណែក​លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេចរណ៍ បានថ្លែងប្រាប់អ្នកកាសែតថា ការបិទនេះ វា​គឺ​ជាច្បាប់របស់សកលលោក មិនមែនតែនៅស្រុកខ្មែរទេ គឺ​មាន​សេចក្តី​សម្រេច​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ ដែលបានសម្រេចដាក់ទណ្ឌកម្មរឿងកូរ៉េខាងជើង។ ហើយ​គ្រប់​អាជីវកម្មដែលគ្រប់គ្រងដោយកូរ៉េខាងជើង ត្រូវបិទអាជីវកម្ម។ ដោយលោកបញ្ជាក់ថា ការ​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់កូរ៉េខាងនៅកម្ពុជា គឺវាមានចំនួន ៦កន្លែង (នៅរាជធានីភ្នំពេញចំនួន ៤កន្លែង និងនៅខេត្តសៀមរាប ចំនួន២កន្លែង)។ ហើយ​ខាង​ក្រសួងទេសចរណ៍​ធ្វើ​តាម​គោលការណ៍​ណែនាំ​ជារួមរបស់សកល។ លោកបានបញ្ជាក់ថា “អាជីវកម្មទាំង៦ របស់កូរ៉េខាងជើង យើងបានបិទអាជីវកម្មហើយកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ”។ យោង​តាមរបាយការណ៍​បានបង្ហាញថា ភោជនីយដ្ឋាន​ចំនួន៦ របស់​កូរ៉េខាង​ជើង​ដែល​ត្រូវបានបិទមានដូចជា៖

១. ភោជនីយដ្ឋានព្យុងយ៉ាង អារីរាំង ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ផ្ទះ​លេខ៣២ ផ្លូវលេខ២១៥ សង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២. ភោជ​នីយដ្ឋាន មូរ៉ាន់បូង ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៩២ ផ្លូវលេខ២១៥ កែងផ្លូវលេខ២០០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៣. ភោជនីយដ្ឋាន ព្យុងយ៉ាង អ៊ុនហាស៊ូ ដែល​មាន​អាសយដ្ឋានស្ថិតនៅអាគារលេខ១០A ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ៤. ភោជនីយដ្ឋាន ព្យុងយ៉ាង ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៤០០ ផ្លូវព្រះមុនីវង្ស សង្កាត់បឹង កេងកងទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ។ ៥. ភោជនីយដ្ឋាន ព្យុងយ៉ាង ហ្វានស៊ីប ដែលមានអាសយដ្ឋានស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ៦. ភោជនីយដ្ឋាន ព្យុងយ៉ាង ត្រេឌីសិនណល នូឌល ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវជាតិលេខ៦ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

រីឯនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​បញ្ជាក់​ប្រាប់​ខ្លីៗថា “បច្ចុប្បន្នស្ថិតិពលករកូរ៉េខាងជើងមានចំនួន ១៨២នាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិត​ត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ បានចាកចេញពីកម្ពុជាចំនួន១៧៩នាក់ ប៉ុន្តែ​ក្នុង​នោះ​បាន​ត្រឡប់​ចូល​មក​វិញបានទិដ្ឋាការទេសចរណ៍ចំនួន ៦២នាក់ មិនទាន់ចាកចេញពីកម្ពុជាចំនួន ៩នាក់”។

សូមជម្រាបថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​មួយ​កាល​ពីខែកញ្ញា ឆ្នាំ២០១៩ បានទណ្ឌកម្មទៅកូរ៉េខាងជើង ដែលបានសាកសល្បងអាវុធនុយក្លេអ៊ែរ លើ​អាជីវកម្មក្រៅប្រទេសរបស់ជនជាតិកូរ៉េខាងជើង និង​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ជូន​ជនជាតិ​កូរ៉េខាង​ជើង​ដែល​ធ្វើការនៅក្រៅប្រទេសត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;