ក្រសួង​សុខាភិបាល ដាក់ម៉ាស៊ីនស្កេនកម្តៅនៅព្រលានយន្តហោះ ត្រៀម​ទប់ស្កាត់​ជំងឺចម្លែកមួយ

  • 2020-01-10 03:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ឱ្យបានដឹងថា នៅ​កម្ពុជាមិនទាន់មានករណី​ជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ដែលមានប្រភពនៅក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេស​ចិននៅឡើយទេ ប៉ុន្តែ​ក្រសួង​បាន​ដាក់​ម៉ាស៊ីន​ស្កេន​កម្តៅ​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​សៀមរាប ​និង​ស្រាវជ្រាវ​រកករណី​សង្ស័យ​ដោយក្រុមចត្តាឡឺស័ក។ នេះបើតាមសេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ​២០២០នេះ។

ជាមួយគ្នានេះ ក្រសួង​ក៏​បាន​ត្រៀម​បន្ទប់​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅដាច់ដោយឡែក នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មន្ទីរ​ពេទ្យ​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប ត្រៀម​សម្ភារៈ បរិក្ខាពេទ្យ និង​ឱសថ​ចាំបាច់​សម្រាប់​ការ​ព្យាបាល​ផងដែរ។

ក្រសួង​ក៏បាន​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់មន្ទីរពេទ្យជាតិ និង​មន្ទីរសុខាភិបាល​ទាំង២៥​រាជធានី-ខេត្ត ឱ្យ​ត្រៀម​លក្ខណៈ​ជាស្រេច​ក្នុងការឆ្លើយតប និង​ផ្តល់​អន្តរាគមន៍​ជាបន្ទាន់​ប្រសិនបើមាន​ករណី​សង្ស័យ និង​កំពុង​ពង្រឹង​ការងារ​តាមដាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​បាន​ពិនិត្យ​វាយតម្លៃ​រកលំនាំ​មិនធម្មតានៃជំងឺនេះជានិច្ច។

សូម​ជម្រាប​ថា ករណី​ជំងឺ​រលាកសួត​ខាងលើ ត្រូវបាន​រកឃើញ និង​បាន​រាយការណ៍​ដំបូង​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូហាន ជាមួយ​រោគ​សញ្ញា​ភាគច្រើន គឺក្តៅខ្លួន មាន​អ្នក​ជំងឺពីរបីនាក់​មាន​រោគសញ្ញាហត់​ ហើយ​ថត​កាំរស្មី​អ៊ិច​បង្ហាញ​ថា​មាន​ដំបៅ​សួតសងខាង។

លទ្ធផល​ទទួលបាន​ពីមន្ទីរ​ពិសោធន៍ បាន​បញ្ជាក់​ថា ជំងឺ​ដែល​កំពុង​កើតឡើង​នេះ មិនមែន​ជាជំងឺ SARS ឬ​ជំងឺ​ផ្តាសាយ​បក្សី ឬ​ជំងឺ​ផ្តាសាយ​បង្ក​ដោយ​វីរុសអាដេណូ ឬ​ជំងឺ MERS ឬ​ក៏​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​នោះ​ឡើយ។ ចំណែក​ការ​អង្កេត​ស្រាវជ្រាវ​ដោយ​មន្ទីរ​ពិសោធន៍​នៃ​ប្រទេសចិន កំពុង​បន្ត​ធ្វើទៀត​ដើម្បី​ស្វែងរក​អត្តសញ្ញាណនៃជំងឺ​រលាកសួតចម្លែកនេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;