អគ្គ​មេបញ្ជាការ​កម្ពុជា អរគុណ​ចិន​ដែល​ជួយ​ក្នុងវិស័យយោធា

  • 2020-01-13 02:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិតចិន​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ដល់​ប្រទេស​កម្ពុជា​ជា​រៀង​រហូត​មក ក្នុង​នោះលើវិស័យយោធា ចិនបានជួយទាំងមធ្យោបាយ សម្ភារៈ​បរិក្ខារ​និង​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ជារៀងរាល់ឆ្នាំ ដែលជំនួយទាំងនេះ គឺបង្ហាញឱ្យឃើញថា ចិននៅជិតកម្ពុជាជានិច្ច។ ការ​ថ្លែង​របស់​អគ្គមេបញ្ជាការ​នេះ បាន​ធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក លី ជីងហ្វុង ប្រធានការិយាល័យអនុព័ន្ធយោធាចិនថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅ​អគ្គបញ្ជាការដ្ឋាន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃដែលលោកវរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិនចាស់​សម្រេច​បាននាពេលកន្លងមក និងមានជំនឿថា ទៅ​ថ្ងៃ​ខាង​មុខ​ក្រោម​កិច្ច​ដឹក​នាំ​បន្តរបស់លោកវរសេនីយ៍ឯក លី ជីងហ្វុង ក្នុង​តួនាទី​ជា​អនុព័ន្ធ​យោធាថ្មី​ប្រចាំ​កម្ពុជា​នឹង​ដំណើរ​ការ​យ៉ាងរលូនបន្តទៀត ដើម្បីឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរកាន់តែល្អប្រសើរទ្វេឡើងថែមទៀត ។

ចំណែកប្រធានការិយាល័យអនុព័ន្ធយោធាចិនថ្មីប្រចាំកម្ពុជា លោកវរសេនីយ៍ឯក លី ជីងហ្វុង បាន​បង្ហាញពីការប្តេជ្ញាចិត្ត នៅ​ក្នុង​ការ​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​នឹង​ខិត​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយចិត្ត ធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរដូចដែកថែប និង​ពង្រឹង​ពង្រីកទំនាក់ទំនងខ្លាំងឡើងថែមទៀត។

លោកវរសេនីយ៍ឯក លី ជីងហ្វុង បានលើកឡើងថា ក្នុងកិច្ចទំនាក់ទំនងជាបងប្អូន នៃបរិបទថ្មីនេះ អាស្រ័យ​ដោយកងទ័ពប្រទេសទាំងពីរ មានចំណុចឯកភាពជាច្រើន ជា​ពិសេស​កងទ័ព​កើត​ឡើង​ពី​ប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។

លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំមកនេះ លោកមានសេចក្ដីសោមនស្សជាខ្លាំង ដោយ​បាន​រួម​ចំណែកនៅក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ មាន​ភាព​ល្អ​ប្រសើរ ជាពិសេសក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ លទ្ធផលល្អប្រសើរនេះ ក៏​អាស្រ័យ​ដោយ​មានការយកចិត្តទុកដាក់គាំទ្រ និង​ផ្តល់​កិច្ចសហការ​ពេញ​ទំហឹង​ពី​សំណាក់​នាយឧត្ដម​សេនីយ៍ អគ្គ​មេ​បញ្ជាការ​ផង​ដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;