សម្តេច ហេង សំរិន៖ អំណាច​របស់​សភា ស្ថិតក្នុងតួនាទី​ត្រួតពិនិត្យ​លើការ​សម្រេចចិត្ត​លើ​ថវិកា

  • 2020-01-13 03:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​រដ្ឋសភា​កម្ពុជា​ សម្តេច ហេង សំរិន បាន​ថ្លែងថា អំណាច​របស់​សភា ស្ថិត​នៅក្នុង​តួនាទី​ត្រួតពិនិត្យ​ការសម្រេចិត្ត​លើ​ថវិកា និងការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន។ សមាជិក​សភា​អាចធ្វើច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​បន្ថែមទៀត ដើម្បី​ជំរុញ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និងផ្តល់សិទ្ធិ​អំណាច​ដល់ការ​ចូលរួម​របស់​ប្រជាជន​ក្នុងនយោបាយ​ពិភពលោក។ ការថ្លែង​នេះ ក្នុង​កិច្ចប្រជុំ​លើកទី២៨​នៃ​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេស​អូស្ត្រាលី នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២០។

សម្តេច​បាន​លើកឡើង​ពីតួនាទី​ដ៏សំខាន់​របស់​សភា គឺសភា​មានតួនាទី​ចម្បង ក្នុងការ​បង្ការ​ និងផ្សះផ្សារ​ជម្លោះ ព្រមទាំង​ប្រែក្លាយ​ពីជម្លោះ​ឱ្យទៅ​ជាសន្តិភាព និងការ​អភិវឌ្ឍ។

សូមជម្រាប​ថា កិច្ចប្រជុំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា។ ពិធីបើកជាផ្លូវការកិច្ចប្រជុំនៅព្រឹកនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ដោយមានមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកនេះដែរ ក្នុងនាមសម្តេច ជាប្រធាន APPF លើកទី២៧ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីដើមឆ្នាំ២០១៩។

សម្តេច ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងសារៈសំខាន់សម្រាប់បណ្តាសភានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាសកល និងតំបន់ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត។ សម្តេច បានជម្រាប APPFថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេចបាននូវក្តីប្រាថ្នារួមរបស់តំបន់ ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែកចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;