ម្តាយ​តារាចម្រៀង ពេជ្រ សូលិកា ត្រូវ​ឃាត់ខ្លួន និង​យកទៅធ្វើត្រាប់តាម​ពីសកម្មភាព​សម្លាប់​ស្រ្តីម្នាក់

  • 2020-01-13 03:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យ បាននាំខ្លួនជនសង្ស័យ ដែលគេស្គាល់ថា ជា​ម្តាយ​របស់​តារា​ចម្រៀងល្បីឈ្មោះ ពេជ្រ សូលិកា បានសម្លាប់ស្ត្រីភេទទីបីម្នាក់ក្នុងបុរីវីឡាថោន យក​ទៅ​ធ្វើ​ត្រាប់​ពីសកម្មភាពសម្លាប់ ដោយសាររឿងប្រច័ណ្ឌ ពេល​ដឹង​ថា​សព​ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេងទៀត។ ការ​នាំ​ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះ។

ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រីអាយុ៤៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខL42A ផ្លូវលេខV16A ( បុរីវីឡាថោន) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យដែលត្រូវគេស្គាល់ថា ជា​ម្តាយ​របស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលិកា ហើយ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ និង​ករណី​អំពើ​ឃាតកម្ម ទៅលើស្ត្រីភេទទីបីម្នាក់ (ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា ) ។

ជនរងគ្រោះឈ្មោះ ងិន សុខលីភេទស្រីអាយុ ៥០ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់​ផ្សារដេប៉ូ2 ខណ្ឌទួលគោក មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្លាប់​មាន​ស្នាម​ចង​ដៃទាំង​សង​ខាង​បណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង) ។ សម្ភារៈបាត់បង់ ៖ចិញ្ចៀន​ពេជ្រ​ចំនួន ២វង់ ( ១វង់​មាន​ដាំពេជ្រ​ធំ​ល្មម​ចំនួន ៣គ្រាប់ និង ១វង់ទៀតមានដាំពេជ្រតូចៗចំនួន ៣ជួរ )។

កាពីថ្ងៃទី១១ ខែមករាឆ្នាំ២០២០ វេលាម៉ោង១១ ជនរងគ្រោះឈ្មោះងិន សុខលី បាន​ជិះម៉ូតូ ១គ្រឿង​ម៉ាក​សេ១២៥ ពណ៍ខ្មៅម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង (មាន​ទំនាក់​ទំនង​ស្រឡាញ់​ស្រីដូចគ្នា)នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាចំណុចកើតហេតុ ពេល​នោះ​ជនសង្ស័យ​បាន​ឃើញ​ជន​រងគ្រោះ​ពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយ​ដឹង​ថា​ជន​រងគ្រោះ​មាន​ទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជន​សង្ស័យ​ក៏​បាន​ទារ​លុយ​ចំនួន ១៥០០០ដុល្លារ​ដែល​ឲ្យ​យកទៅរកស៊ីចងការ ពី​ជនរងគ្រោះមកវិញ តែ​ជន​រងគ្រោះ​មិន​ព្រម​ឲ្យ​ក៏​មាន​ទំនាស់​វាយ​ប្រតាយ​ប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ.ជើង ដូច​មនុស្ស​ស្រវឹង​ស្រា​ជោគ​ជាំ​ជន​សង្ស័យ​បាន​យកខ្សែអាវធ្វើពីក្រណាត់ចំនួន ១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយ​ចាប់​ក្បាល​សង្កត់​មុខផ្ទប់​ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើប​ជនសង្ស័យ​បាន​ស្រាយ​ខ្សែ​ដៃ​ជន​រងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។

លុះ​ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៖៤០នាទី ទើប​ជន​សង្ស័យ​បាន​ឲ្យ​ក្រុម​គ្រួសារ​មក​រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។

បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បាន​ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសព​ជន​រង​គ្រោះ​ឈ្មោះ ងិន សុខលី ឃើញ​មាន​ស្នាម​ចង​ដៃ​ទាំង​សង​ខាង​បណ្ដាល​ឲ្យ​ដាច់រលាត់​ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយ​សព​ស្លាប់​ដោយ​សារខ្ទប់​ផ្លូវដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម) ក្នុង​ពេល​នោះ​សមត្ថកិច្ច​យើង​មាន​ការ​សង្ស័យ​ទៅ​លើ​ឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏​បាន​នាំ​ខ្លួន​យក​ទៅ​សាក​សួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមតែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បាន​ព្យាយាម​ឆ្លើយ​ភូតកុហក់​អស់​រយៈពេល​យ៉ាង​យូរ​ទើប​ជនសង្ស័យ​ព្រម​ឆ្លើយ​សារភាព​ថា​រូបគាត់​ពិត​ជា​បានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;