ទូត​ស៊ុយអ៊ែតថ្មី ប្ដេជ្ញា​បន្តជួយលើ​វិស័យ​ការងារ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ

  • 2020-01-13 06:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែត​ថ្មីប្រចាំនៅកម្ពុជា និង​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន ពិសេសលើគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងអនុវត្តនៅកម្ពុជា។ ជំនួប​នេះ​ធ្វើ​ឡើង នៅ​​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះ។

រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ទន្ទឹមនឹងគ្នានេះដែរ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ការ​វាយ​តម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នាពេល​កន្លង​មក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានសន្យាពង្រឹងនូវទំនាក់ទំនង កិច្ច​សហប្រតិបត្តការ​ដ៏ល្អនេះទៀតដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​វិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​សង្គម។

ឯក​អគ្គរាជទូតស៊ុយអែតថ្មី បានប្ដេជ្ញាបន្តគម្រោងទំនាក់ទំនងលើវិស័យការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​រវាងកម្ពុជា និងស៊ុយអែត ក្នុងនោះមានដូចជា គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ​ដែល​ធ្វើ​ឡើង​តាម​រយៈ​អង្គការSIDA ដែលបានជួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួម​ទាំង​ការ​បង្កើត​មជ្ឈមណ្ឌល​ការងារនៅតាមបណ្ដារាជធានី-ខេត្តនានា។

លោក អ៉ិត សំហេង លើកឡើងថា បន្ទាប់​ពី​កម្ពុជា​បាន​ផ្ដល់​ការ​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​កិច្ច​ព្រមព្រៀង​សាកល​នេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បន្ត​ពង្រឹង​ការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និង​ភាព​សុខដុម​ក្នុង​ទំនាក់ទំនង​វិជ្ជា​ជីវៈ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;