រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំនៅវៀតណាម
- 2020-01-14 04:04:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំនៅវៀតណាម
ចន្លោះមិនឃើញ
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមការអញ្ជើញរបស់ លោក ផាម ប៊ិញមិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ នៅខេត្តញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» កិច្ចប្រជុំចង្អៀតនេះ ជាវេទិកាមួយសម្រាប់ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ធ្វើការផ្លាស់ប្តូរការយល់ឃើញ និងគំនិត ទៅលើវិធី និងមធ្យោបាយនានាដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវការឯកភាព សមាហរណកម្ម និងការតភ្ជាប់ អត្តសញ្ញាណរួមរបស់អាស៊ាន ព្រមទាំងការចូលរួមជាមួយនឹងសហគមន៍ពិភពលោក និងសមត្ថភាពស្ថាប័ន។
ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២០ ប្រទេសវៀតណាម បានលើកឡើងនូវចំណុចអាទិភាពចំនួន៥ ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការចូលរួមចំណែកដ៏សកម្មរបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ការជំរុញឲ្យកាន់តែខ្លាំងនូវសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់អាស៊ាន ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន និងការយល់ដឹងអំពីសហគមន៍អាស៊ាន ការពង្រឹងភាពជាដៃគូសកលរបស់អាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នរបស់អាស៊ាន៕