រក​ឃើញ​សំបុក​កន្ធាយ​ក្បាល​កង្កែប​ជិត ៤៥០ពង​នៅ​ខេត្ត​ក្រចេះ

  • 2020-01-16 02:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជលផល និងអង្គការ WCS បាន​រក​ឃើញ​សំបុក​សត្វ​កន្ធាយ​ក្បាលកង្កែបឬល្មិចចំនួន ១៣សំបុក សរុបស្មើ ៤៤៤ពង នៅ​លើ​ឆ្នេរ​ខ្សាច់​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គក្នុងខេត្តក្រចេះ ចាប់តាំងពីដើមរដូវពងកូន ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់​ខែ​មករា ឆ្នាំ២០២០។

រូបភាព៖ WCS Cambodia
កន្ធាយ​ក្បាលកង្កែបឬល្មិច (ឬឈ្មោះវិទ្យាសាស្ត្រហៅថា Pelochelys cantorii) ត្រូវ​បាន​កត់​ត្រា​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ថាជាប្រភេទកំពុងទទួលរងការគំរាមកំហែងជាសកល។ កន្ធាយប្រភេទនេះ ត្រូវ​បានគេគិតថា បានផុតពូជហើយនៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងឆ្នាំ ២០០៧ វត្ត​មាន​កន្ធាយប្រភេទនេះត្រូវបានរកឃើញសាជាថ្មីនៅក្នុងដែនទឹកនៃដងទន្លេមេគង្គប្រវែង ៤៨គ.ម ចន្លោះ​ពីខេត្តក្រចេះ ដល់ ខេត្តស្ទឹងត្រែង ដោយអង្គការអភិរក្សអន្តរជាតិ និង​រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កម្មវិធីការពារសំបុកអណ្តើក ត្រូវបានអនុវត្តដោយអង្គការ WCS សហការ​ជាមួយ​សហគមន៍​នេសាទ​នានា​ស្ថិត​នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងរដ្ឋបាលជលផល ដោយ​មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ម៉ាហ្គារេត ខាហ្គីល (Margaret A. Cargill Philanthropies), ឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore), និង Turtle Survival Alliance៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;