ជប៉ុន សម្លឹង​​ឃើញ​គោល​ដៅ​ពីរ​នៅ​កម្ពុជា

  • 2020-01-16 06:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន បាន​សង្កេត​ឃើញ​គោលដៅពីរ​នៅ​កម្ពុជា។ ការ​ថ្លែង​បែបនេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ សម្ដេច ហ៊ុន សែន នៅ​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ​២០២០​នេះ នៅវិមានសន្តិភាព។

គោលដៅ​ទាំង​ ពីរ​នេះ​​មាន​៖

១) គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការ​អភិវឌ្ឍ​ប្លុកឆេង(Blockchain) នៅកម្ពុជានេះ ឯកឧត្តមបានបញ្ជាក់ថា បើ​សិន​ដាក់​ឲ្យ​ដំណើរ​ការរួចហើយនោះ កម្ពុជា​គឺ​ជា​ប្រទេស​ទី​មួយ​ហើយ​ដែល​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ឌីជីថល​ទំនើប​មួយ​នេះ។

២) គឺលោក​មកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ទន្ទឹម​នឹង​នោះ លោក​ក៏បាន​ស្នើសុំអនុសាសន៍​ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅ​បញ្ហា​ទាំង​ពីរ​ខាង​លើ។

សម្ដេច ហ៊ុន សែន បានលើកទឹកចិត្ត​ភាគី​ជប៉ុន​ មក​ធ្វើការ​សិក្សា​ទៅ​លើ​ការ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យ​មាន​ដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។

ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេច​នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជា​គឺ​ត្រូវ​ការ​ពង្រីក​ស្ថានីយ​ទឹក​ស្អាត​ឲ្យបានច្រើនថែមទៀត ដោយ​សារ​តែ​រាជធានី​ភ្នំពេញ​កាន់​តែរីក​ធំឡើង​ជាលំ​ដាប់​ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង ៦០០គីឡូម៉ែត្រការ៉េ ហើយ​ការ​អភិវឌ្ឍ​ផ្ទះ​សម្បែង​មាន​ការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏​កំពុង​ទទួល​ការ​ផ្គត់​ផ្គង់​ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។

ទន្ទឹមនឹងនោះ សម្ដេច​នាយក​រដ្ឋ​មន្ត្រី បាន​បញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១)ត្រូវ​ពង្រីក​នូវ​សមត្ថភាព​ការ​ផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២)គឺ​ធ្វើយ៉ាង​ណា​ពង្រីក​បណ្ដាញ​ចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;