គួរឲ្យស្តាយ កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញស្លាប់នៅក្នុងអូរលាវ

  • 2020-01-17 04:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញស្លាប់នៅ ក្នុងអូរលាវព្រំប្រទល់រវាងខេត្តរតនៈគិរី និងខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយមានសភាពស្អុយរលួយ។ នេះ បើ​តាម​ការ​បញ្ជាក់​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាន នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះ។

លោកបាន​បន្ថែមថា រហូតមកទល់នឹងពេលនេះមិនទាន់ដឹងអំពីមូលដ្ឋានពិត ប្រាកដ​នៃ​ការស្លាប់​របស់​កូន​ដំរីព្រៃនេះនៅឡើយទេ ប៉ុន្តែតាមការ សន្និដ្ឋានជំហានដំបូងកូនដំរីព្រៃនេះ អាច​ស្លាប់​ដោយ​ការ​លង់ទឹក។ រដ្ឋលេខាធិការក្រសួងបរិ ស្ថានបានឱ្យដឹងថា៖ «តាមការពិនិត្យ សាកសពសត្វដំរីនេះ មិន​មាន​ស្លាកស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់ ដែលអាចសន្និដ្ឋានថា អាចស្លាប់ ដោយ​មូល​ហេតុ​អ្វី​ផ្សេង​ឡើយ អ្វីដែលកត់សម្គាល់គឺជើងក្រោយរបស់ កូនដំរីនេះបាក់ ដែលសង្ស័យថា អាច​ត្រូវ​បាន​គៀប​នឹង​ល្បាក់ថ្ម ព្រោះអូរលាវមានអន្លង់ជ្រៅៗ និងមាន ល្បាក់ថ្ម ច្រើន»។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ពេលទទួលបានដំណឹងពីប្រជានេសាទ​ថា​មាន​សត្វ​ដំរីស្លាប់ មន្រ្តី​ឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន ៣ នាក់បានចុះទៅពិនិត្យផ្ទាល់នៅ លើ​ទីតាំង និងបានរកឃើញថាមានកូនដំរីព្រៃ ១ក្បាលបានស្លាប់ក្នុងទឹក។ តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង ១០ ថ្ងៃមុន ប្រជាពលរដ្ឋបានឃើញហ្វូងដំរីប្រមាណពី ២០ ទៅ ៣០ ក្បាល បានហែលឆ្លងអូរលាវចូលមករកចំណី នៅក្នុងឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ ដើមឬស្សី និងមែកឈើ ហើយបានបន្សល់លាមកជាច្រើន ហើយបន្ទាប់មកក៏បានឆ្លងទៅទឹកដីខេត្ត មណ្ឌលគិរីវិញ។ ក្រោយមកក៏បានប្រទះឃើញកូនដំរីស្លាប់ក្នុងទឹក។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ពិត​ជា​គួរឱ្យ​សោកស្តាយ​ចំពោះការបាត់បង់កូនដំរីព្រៃមួយនេះ។

លោកបានបន្ថែមថាដោយ​ស្ថានភាព​ពិបាក​ក្នុងការដឹកជញ្ជូ ក្រុមការងារពិបាក នឹង​យក​សព​កូន​ដំរី​មក​រក្សាទុក។ ក្រុមការ ងារបានសម្រេចអូសសាកសពកូនដំរី មកកប់នៅដីក្បែរមាត់ អូរ​សិន​ដើម្បី​ទុក​ឱ្យ​រលួយសាច់ ទើបអាច ប្រមូលឆ្អឹងមកធ្វើជារូបសំណាកជាក្រោយ។

ទាក់ទងនឹងចំនួនដំរីនៅក្នុងប្រទេសកម្ពុជាលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង ៥០០ ក្បាល​ដែល​កំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វ​ដំរី​ព្រៃ​នៅ​ក្នុង​ដែន​ជម្រក សត្វព្រៃកែវសីមា មានប្រមាណជាង ១១០ ក្បាល នៅ​តំបន់​ជួរ​ភ្នំក្រវ៉ាញ​មាន​ចំនួន​ប្រមាណ​ជិត ២០០ ក្បាល និងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានរួបនេះក៏បានឱ្យដឹងថា យោងតាមការសិក្សា ចំនួនសត្វដំរីព្រៃនៅ កម្ពុជាក៏ដូចជា នៅ​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​ការ​ធ្លាក់​ចុះ​ច្រើន​នៅ​ក្នុង​រយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោមនេះដោយសារតែការបរបាញ់ខុសច្បាប់ ការ​បំផ្លាញ​ជម្រក​សត្វ​ដំរី និង​ជម្លោះ រវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូន ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាំ​នៅ​ជាប់​នឹង​ព្រៃ​ហើយពេល ខ្លះដំរីមកស៊ីដំណាំ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបន្តថា ចំណែកសត្វដំរី ស្រុក​ដែល​ចិញ្ចឹម​ដោយ​អ្នក​ស្រុកមានចំនួនប្រមាណ ៧០ ក្បាល។ ចំនួនសត្វដំរី ស្រុកពិតជាមានការ ថយ​ចុះ​ដោយ​សារ​តែ​មិនមានការបន្តពូជបែបធម្មជាតិ និងដំរីខ្លះមានវ័យចាស់ និងបានស្លាប់ជាបន្ត បន្ទាប់។

លោកបានគូសបញ្ជាក់ថា ដើម្បីការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្សនៅក្នុងប្រទេស កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជាបានសហការជាមួយអង្គការ ដៃគូនានា រៀបចំផែនការអភិរក្ស និងការពារ សត្វ​ដំរីនៅកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិ រក្សសត្វដំរី ដោយពង្រឹងប្រសិទ្ធភាពការពារ ធន ធម្មជាតិ​ព្រៃឈើ ដែលជាទីជម្រកនិងកន្លែងផ្តល់ចំណី ដល់សត្វដំរី និងការ ពង្រឹងការអនុវត្តច្បាប់ ប្រឆាំងនឹងជនល្មើស ការហាមឃាត់ការបរបាញ់សត្វព្រៃ ដើរប្រមូលអន្ទាក់ដែលព្រាន ព្រៃដាក់នៅ ក្នុង ព្រៃនិងការអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ ដែលប្រកប របរ​ដាំ​នៅតាមចម្ការនានាក្បែរតំបន់ ការ​ពារធម្មជាតិ កុំប្រើប្រាស់សារធាតុគីមី ឬបាញ់សត្វដំរីដែល ចូលស៊ីដំណាំរបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា នៅ​ក្នុង​វិធានការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃខុស ច្បាប់ជាពិសេសការជួយដូរភ្លុកដំរី កុយរមាសជាដើម ក្រសួងបរិស្ថាន​បាន​ព្រមាន​រួច​ហើយ​តាម​រយៈការ​ចេញ​លិខិត​ដល់ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ប្រមាណ ១០០ នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ បញ្ឈប់រក្សាទុក ឬលក់​ដូរ​ទំនិញ​ហាម​ឃាត​ទាំង​នេះ ហើយ​ត្រូវប្រគល់ជូន​សមត្ដកិច្ច បើបន្តប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;