រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សជាង ១០០០ឆ្នាំ នៅ​ខេត្ត​សៀមរាប

  • 2020-01-21 02:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋ​អាមេរិកធ្វើ​កំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​លិច​ប្រាសាទ​វត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់/ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

លោក ទិន ទីណា អនុ​ប្រធាន​មណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរជាតិ​អប្សរា បញ្ជាក់​ថា ការស្រាវជ្រាវធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និង​សម្ភារ​ប្រើប្រាស់​នានា ដែល​ស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្តសៀមរាប។ គំហើញ​ថ្មីៗ​នេះ​ជា​ប្រយោជន៍​សម្រាប់​ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិ​សាស្ត្រ​ខ្មែរ​ពី​អតីត​កាល​ដល់​បច្ចុប្បន្ន ព្រមទាំងរួមចំណែកការពារបុរាណដ្ឋានលើតំបន់ដែលកំពុងអភិវឌ្ឍន៍។

លោក ហេង ពិភាល់ បណ្ឌិត​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ហាវ៉ៃ និង​ជា​ប្រធាន​គម្រោង​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន ៥រណ្តៅ ទំហំ ១គុណ ២ម៉ែត្រ នៅ​លើទួលដូនប៉ុកផងនិងនៅលើគោកមនុស្សរស់នៅក្បែរទួលនេះផង។ ជាលទ្ធផល រណ្តៅ​កំណាយ​នៅ​ទួលដូន​ប៉ុក​បាន​រកឃើញ​គ្រឹះ​ប្រាសាទ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ពី​ខាងក្រោម និង​ឥដ្ឋ​​នៅ​ពី​ខាង​លើដែលកប់ក្នុងដីជម្រៅជាង ១ម៉ែត្រ ដែល​មាន​សសរ​ពេជ្រ​ពណ៌​ផ្កា​ឈូក ២កំណាត់ និង​គំនរ​ថ្ម​ភក់​នៅ​ក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសាទ​គោក​ដូន​ប៉ុក​បាន​កសាង​ឡើង​ក្នុងស.វ.ទី​១០ មាន​អាយុ​ប្រហាក់​ប្រហែល​ទៅ​នឹង​ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែល​ជា​ទី​សក្ការៈ​របស់​មនុស្ស​នាស​ម័យនោះ។

លោកបណ្ឌិតបុរាណវិទ្យារូបនេះបន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសាទ​ឥដ្ឋ​នេះ​ដួលរលំ​នៅ​រវាងស.វ.ទី​១២ ឬ១៣ និង​លែងជាកន្លែងប្រារព្ធពិធីសាសនាធំដុំទៀតហើយ ពោល​គឺ​នៅ​ត្រឹម​តែ​ជា​គោក​អ្នក​តាប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ប្រហែល​ជួន​គ្នា​នឹង​ការកសាង​វត្ត​អធ្វានាស.វ.ទី​១២ ឬទី១៣​ដែរ ដោយ​មនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំង​ក្នុង​រណ្តៅ​នៅ​ទួល​ដូនប៉ុក​និង​គោក​ភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីស.វ.ទី១២ ដល់ទី១៧ និង​ភាជន៍​ខ្មែរ​ផលិត​នៅ​តំបន់​នគររាជ ភ្នំ​គូលែន និងជើងឯកនៅស.វ.ទី១០និង១៣ មានភាជន៍ផុយ ភាជន៍​រឹង​មាន​ស្រទាប់​រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។

ទាំងនេះបញ្ជាក់ថា ទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជា​ភូមិចាស់​ត​ពីដូន​តា​និង​មាន​មនុស្ស​រស់​នៅតគ្នាជាង ១០០០ឆ្នាំមកហើយ ពោល​គឺ​តាំង​ពីស.វ.ទី១០ ដែល​មាន​សំណង់​ប្រាសាទ​ឥដ្ឋ​ចំនួន​១ និង​មានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែក​បំណែក​កុលាល​ភាជន៍​បង្ហាញ​ឱ្យ​ដឹង​ថា វត្តមានមនុស្សរស់នៅទួលដូនប៉ុកមានយ៉ាងតិចដល់ស.វ.ទី១៨។

លោក វិទូ ភិរម្យ បុរាណ​វិទូ​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្តល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរជាតិ​អប្សរា បាន​ឱ្យដឹងថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺ​បាន​បង្ហាញ​ភស្តុតាង​ជា​ច្រើន​ទាក់​ទង​នឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណនៅភាគខាងត្បូងអង្គរ ដែល​ប្រាសាទ​គឺ​ជា​មជ្ឈមណ្ឌល​សំខាន់​នៃសហគមន៍មួយ។ ប្រាសាទមានមនុស្សថែរក្សានិងរស់នៅជុំវិញ មាន​ការ​ប្រើប្រាស់​សម្ភារ​ផ្សេងៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃនិងកិច្ចបូជា។ រីឯ​បំណែក​កុលាល​ភាជន៍​អាច​ឱ្យ​យើង​ស្វែង​យល់ពីសេដ្ឋកិច្ចនិងការរស់នៅរបស់មនុស្សពីសម័យបុរាណ។ លើសពីនេះ យើង​បាន​ដឹង​ពី​ចលនាពាណិជ្ជកម្ម និងការប្រើប្រាស់ភាជន៍នាំចូលមកពីស្រុកចិន ដូច​ជា​ក្នុង​រាជវង្ស​ម៉េង​និង​ឆេង (តិចតួច) ភាជន៍បៃតងក្នុងរាជវង្សយួននិងសុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។

លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិត​នៅ​ជា​លទ្ធផល​បឋម ហើយ​យើង​ក៏​មាន​គម្រោង​ស្រាវជ្រាវ​នាពេលអនាគត​ដើម្បី​ស្វែង​យល់​អំពី​ទំហំ​នៃ​ខឿន​ប្រាសាទ​ដែលយើងឃើញតើវាមានទំហំប៉ុណ្ណា បើ​ប្រៀបធៀប​នឹង​ប្រាសាទ​ផ្សេងៗ​ក្នុង​សម័យ​ដំណាល​គ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀបចំភូមិករនិងប្រាសាទនាស.វ.ទី១០ឬយ៉ាងណា?

បុរាណវិទូខាងលើក៏បានឱ្យដឹងដែរ តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ គឺជា​ឱកាស​ដ៏​ល្អមួយសម្រាប់ផ្សព្វផ្សាយនិងការពារបុរាណដ្ឋានដែលស្ថិតនៅភាគខាងត្បូងអង្គរ ត្បិត​តំបន់​នេះ​សព្វថ្ងៃកំពុងអភិវឌ្ឍន៍ខ្លាំង ហើយ​តម្រូវ​ការ​ប្រើប្រាស់​ដីធ្លី​ក៏​ខ្ពស់​ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​បុរាណដ្ឋាននៅក្នុងតំបន់នេះដែរ។

ដូច្នេះ តាមរយៈសកម្មភាពនៃការស្រាវជ្រាវតាមបែបបុរាណវិទ្យាមួយនេះ យើង​អាច​បង្ហាញ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យយល់ពីតម្លៃនិងឱ្យចេះស្រឡាញ់ ការពារសម្បត្តិដូនតា កុំឱ្យមានការបំផ្លិចបំផ្លាញ។ លើស​ពីនេះទៀតអាចផ្សព្វផ្សាយឱ្យពួកគាត់ដឹងថា ទី​តាំង​បុរាណ​ដ្ឋាន​នេះ​ត្រូវ​ការពារ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរានិងយល់ដឹងពីសារៈសំខាន់របស់ទីទួលបុរាណដែលផ្សារភ្ជាប់ទៅនឹងតំបន់អង្គរ ព្រោះ​អង្គរ​មិន​សំដៅតែលើរាជធានីដែលមានក្រុមប្រាសាទធំៗទាំងនោះតែមួយមុខទេ គឺ​ជា​ការ​រួម​ផ្សំ​គ្នា​នៃ​ប្រាសាទ និងភូមិករតូចៗទាំងអស់នេះឯង៕

អត្ថបទ និង​រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;