សម្តេច ស ខេង ថា ឆ្នាំ២០១៩ មធ្យោបាយធ្វើដំណើរកើន ៣៧% ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​

  • 2020-01-21 04:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បានលើកឡើងថា ឆ្នាំ២០១៩ កន្លងទៅ មធ្យោបាយ​ធ្វើដំណើរមានកំណើនចំនួន ៣៧% ដែល​បច្ចុប្បន្ន​ទូទាំង​ប្រទេស​មាន​យាន​យន្ត​សរុប ៥ ៣៣៨ ៣៩៤គ្រឿង។ ក្នុងនោះម៉ូតូមានចំនួន ៤ ៥៥៥ ២២១គ្រឿង ស្មើ នឹង ៨៣% និង​រថយន្ត​គ្រប់​ប្រភេទ មានចំនួន ៧៨៣ ១៧៣ គ្រឿង ស្មើនឹង១៧% ដោយ​បាន​ធ្វើ​ឱ្យ​សកម្មភាព​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាន់តែមានភាពមមាញឹក និងកាន់តែចង្អៀត។ ការ​លើក​ឡើង​នេះ ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកឆ្នាំ២០១៩ នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០។

សម្តេចក្រឡាហោមបន្តថា ស្ថានភាពបែបនេះ បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​ការ​កក​ស្ទះ​នៅ​តាមដងផ្លូវ តាមទីក្រុង ទីប្រជុំជន និងគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ស្រប​ពេល​ដែល​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់ឆ្លើយតបតាមតម្រូវការ ក៏​ដូច​ជា​កង្វះ​ចំណត​យាន​យន្ត​ កង្វះ​ការ​គ្រប់គ្រងចំណីផ្លូវ និងកង្វះការបំពាក់បរិក្ខាសុវត្ថិភាពផ្លូវជាដើម ។

សម្តេច​ក្រឡាហោមបានលើកឡើងថា ទន្ទឹមគ្នានោះ កត់សម្គាល់ឃើញថា គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៩ បាន​កើនឡើងចំនួន ៨៥៤លើក ស្មើនឹង ២៦% អ្នក​ស្លាប់កើនឡើង២២០នាក់ ស្មើ​នឹង​១២% និងអ្នករបួសកើនឡើងចំនួន ១ ៣៧១នាក់ ស្មើនឹង ២៩% ។

តាម​របាយការណ៍​បាន​បង្ហាញ​ថា គ្រប់រាជធានី-ខេត្ត​សុទ្ធ​តែ​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ក្នុង​នោះ​ភូមិ​សាស្រ្ត​មាន​កំណើន​គ្រោះ​ថ្នាក់ខ្ពស់ និងជនរងគ្រោះច្រើន គឺ រាជធានីភ្នំពេញ ខេត្ត​កំពង់​ស្ពឺ និង​ខេត្តព្រះសីហនុ។ ដោយឡែកមានខេត្តចំនួន ០៥ ដែល​បាន​កាត់​បន្ថយ​ចំនួន​ជន​រង​គ្រោះ​ដោយ​សារគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ កណ្តាល កំពង់ធំ ក្រចេះ សៀមរាប និង​មណ្ឌលគិរី៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;