ក្រោយឆ្នាំ​២០២០ ភូមិ​​តិច​តួច​បំផុត​មិន​ដល់២%ទេ​ ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់

  • 2020-01-29 06:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​អះអាងថា នៅក្រោយ​ឆ្នាំ ២០២០ អាចសល់​ភូមិ​ចំនួន ២៤៣ ទៀត ត្រូវជា ១,៧១% ដែល​ពុំមាន​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តាញ​ជាតិ។ ភូមិ​ដែល​នៅសល់​ទាំងនេះ ជាភូមិ​មាន​ស្ថានភាព​ពិបាក​ខ្លាំង ដូចជា តំបន់​ដាច់ស្រយាល​ខ្លាំង ជាតំបន់​គ្មានផ្លូវ​ធ្វើដំណើរ ជា​តំបន់​កោះ ជា​តំបន់​រស់នៅ​បណ្តែត​ទឹក ជាតំបន់​លិចទឹក​នៅ​រដូវ​វស្សា​ជាដើម ដែលត្រូវការ​ទុន​យ៉ាងច្រើន ប្រសិន​បើ​យើង​ត្រូវ​អភិវឌ្ឍ​ការ​ផ្គត់ផ្គង់​ពីបណ្តាញ​ជាតិ​ទៅកាន់​ទីនោះ ។

ការ​ថ្លែង​ខាងលើនេះ ធ្វើឡើង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០១៩ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នាព្រឹក​ថ្ងៃទី២៩ ខែ​មករា ឆ្នាំ​២០២០។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នា​ពិនិត្យ​លទ្ធភាព​រក​ដំណោះស្រាយ​ផ្សេងៗ ជូនភូមិ​ដែលត្រូវ​នៅសល់​ទាំង ២៤៣​នេះ តាមស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ ។

នៅចុងឆ្នាំ ២០១៩ ព្រំដែននៃអាជ្ញាបណ្ណដែលយើងបានផ្តល់ឲ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការវិនិយោគអភិវឌ្ឍន៍បណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩,៤៨% នៃចំនួនភូមិទូទាំងប្រទេស​រួចក្នុងឆ្នាំ២០១៩ ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមធ្វើបាន ៥,៨៣% នៃចំនួនភូមិថែមទៀត ធ្វើឲ្យភូមិដែលមានបណ្តាញចែកចាយរួច បានកើនឡើងពី ៨៦,៨៥% នៅចុងឆ្នាំ២០១៨ មក ៩២,៦៨% នៅចុងឆ្នាំ ២០១៩ ។ មកដល់ចុងឆ្នាំ ២០១៩ កន្លងទៅនេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១,០៣៧ ដែលក្នុងនោះ មានភូមិ ៩៦៤ ស្ថិតក្នុង​ដែន​អាជ្ញាបណ្ណ​ដែលត្រូវបានផ្តល់ឲ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ៧៣ ស្ថិតនៅក្រៅដែនអាជ្ញាបណ្ណ ។

អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាបានធ្វើការសិក្សារួមគ្នា អំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីទាំងនេះ ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំងរបស់សេវាករឯកជនផង ។ លទ្ធផលនៃការសិក្សាអំពីលទ្ធភាពនេះបានបង្ហាញថា ក្នុងឆ្នាំ ២០២០ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពី បណ្តាញជាតិបាន ៧៩៤ ភូមិទៀត៕

អត្ថបទថ្មី
;