ម្ចាស់ភោជនីយដ្ឋានទី ២នៅមុខប្រាសាទអង្គរបានស្ម័គ្រចិត្តរុះរើ

  • 2020-01-30 01:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ»​បាន​ស្ម័គ្រ​ចិត្ត​រុះរើ​សំណង់​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍។ ហើយ​នេះ​ជា​ម្ចាស់ភោជនីយដ្ឋាន​ទី២ ហើយដែលបានបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយ​ខ្នង គឺអតីតភោជនីយដ្ឋាន «ភ្នំស្រី» បច្ចុប្បន្នឈ្មោះថា «ផ្ទះបាយតានីខ្មែរអង្គរ» ​ដើម្បី​សម្រួល​ដល់​ការសាងសង់​ទីលាន​បដិសណ្ឋារកិច្ច​មុខ​ប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

លោកស្រី មុត​ រតនា ម្ចាស់ទីតាំងភោជនីយដ្ឋាន​ «ភ្នំស្រី» ដែលសព្វថ្ងៃបានជួលឱ្យ លោក ជ្រុន គឹម​សេង ធ្វើអាជីវកម្ម​បន្តបានឱ្យដឹងថា លោកស្រីបានបើកភោជនីយដ្ឋាននេះជាង ២០ឆ្នាំមកហើយ អនុស្សាវរីយ៍ក៏ច្រើន ហើយទីនេះ ក៏​ជា​ប្រភព​ចំណូល​និង​ភាព​មាន​បាន​របស់​អ្នកស្រី​មក​ដល់​សព្វ​ថ្ងៃ​ឱ្យ​រស់​នៅបានសុខសាន្តជាមួយកូនចៅ។ អ្នកស្រីរីករាយនឹងប្រគល់ដីនេះជូនអាជ្ញាធរជាតិអប្សរាតាមសំណូមពរដើម្បីអភិវឌ្ឍន៍ទីនេះឱ្យកាន់​តែល្អប្រសើរ ព្រោះនេះជាកម្មសិទ្ធិរបស់រដ្ឋ និងបានតាំងចិត្តតាំងពី​ដើម​មក​ថា នឹងប្រគល់ជូនរដ្ឋ ពេលរដ្ឋ​ត្រូវការ។

លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែល​បាន​ជួល​ទីតាំង​នេះ​ប្រកបរបរ​លក់​អាហារជិត ៣ឆ្នាំមកហើយ បានលើកឡើងថា ការប៉ះពាល់ដល់អង្គរ គឺ​មិនមែន​ជា​ផល​ប៉ះ​ពាល់តែឆ្នាំងបាយរបស់ខ្ញុំទេ តែជាឆ្នាំងបាយជាតិទាំងមូល និងពិភពលោកដែរ ដូច្នេះ​ការ​ចូលរួម​របស់ខ្ញុំនេះជាចំណែកតូចណាស់ក្នុងការថែរក្សាអង្គរ ក្នុងនាមជាអ្នកទទួលបានផលពីអង្គរ។

លោក គឹមសេង បន្តថា ខ្ញុំស្ម័គ្រចិត្ត​សហការជាមួយ​អាជ្ញាធរជាតិ​អប្សរា និង​រដ្ឋាភិបាល​ក្នុង​ការ​រុះរើ​សំណង់​ភោជនីយដ្ឋាននេះតាមសំណូមពរ​ដោយមិនមានការបង្ខិតបង្ខំទេ ព្រោះ​កើត​ចេញ​ពី​ការ​ជជែក​រក​ដំណោះស្រាយមួយដ៏ល្អបំផុតសម្រាប់ជាតិយើង​ទាំងអស់គ្នា​ដើម្បី​រួម​ចំណែក​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ​​ បរិស្ថានស្អាត តាមតម្រូវការ​វិស័យ​ទេសចរណ៍​ទាំង​នៅ​ទីនេះ ទូទាំងប្រទេស និងពិភពលោក។

លោកក៏បានអរគុណអាជ្ញាធរជាតិអប្សរា ដែលរកដំណោះស្រាយល្អៗដល់អាជីវករ ហើយ​ក៏​សំណូម​ពរ​ដល់​បងប្អូននៅទីនេះ សូមយល់ថាដំណើរការនៃការរៀបចំឧទ្យានអង្គរនេះ គឺ​ឆ្លើយតប​នឹង​តម្រូវ​ការសេដ្ឋកិច្ច​ជាតិនិងពិភពលោកជាមួយគ្នា ព្រោះនេះជាមរតកពិភពលោក មិន​មែន​ជា​កម្មសិទ្ធិ​ឯក​ជន​ណាមួយឡើយ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការ​រុះរើសំណង់​ភោជនី​យដ្ឋាន​នេះ គឺស្ថិតនៅចំទីតាំងគម្រោងដ៏ធំរបស់អាជ្ញាធរជាតិអប្សរា ដែល​នឹង​ប្រែ​ក្លាយ​ទីនេះ​ឱ្យ​មានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត មានគម្រោងរៀបចំទីលានបដិសណ្ឋារកិច្ច គម្រោង​ជួសជុលផ្លូវមុខអង្គរវត្ត គម្រោងដាំឈើ និងវាលស្មៅឱ្យមានភាពបៃតង។

ដូច្នេះ ដើម្បីសម្រេចគម្រោង អាជ្ញាធរជាតិអប្សរាចាំបាច់មានការសម្របសម្រួលជាមួយអាជីវករ សុំ​ឱ្យ​មានការយោគយល់ និងចូលរួមទាំងអស់គ្នា ដើម្បី​ឱ្យ​អាជ្ញាធរជាតិអប្សរា សាងសង់​និងរៀបចំ​ហេដ្ឋារចនា​សម្ពន្ធ​នៅទីនេះ​បាន​រលូន​និង​ដំណើរ​ការទាន់​ពេលវេលា​ដែល​គ្រោង​នឹង​បញ្ចប់​មុនដំណាច់ឆ្នាំ២០២០​នេះ​ ដើម្បីផលប្រយោជន៏រួមរបស់ប្រជាជន​ខ្មែរ និងប្រទេសជាតិទាំងមូល។

លោក ក៏សូមថ្លែងអំណរគុណដល់អ្នកស្រី រតនា និងលោក គឹមសេង ដែល​បាន​យល់​ពី​កិច្ចការ​អភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់អង្គរ និង​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ឆន្ទៈពិតៗ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការរុះរើភោជនីយដ្ឋាន ដើម្បីរៀបចំទីលានបដិសណ្ឋារកិច្ចមុខអង្គរវត្តបានល្អប្រសើរ សម​ជា​ប្រជាជាតិ​មួយដែលស្រឡាញ់មរតកដូនតា មានសណ្តាប់ធ្នាប់ និង​មាន​ការ​យល់​ដឹង​ខ្ពស់​ចំពោះ​បរិស្ថាន៕

អត្ថបទ និង​រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;