កើត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ដងៗ​ស្លាប់​មិន​តិច​​សិប​លាន​នាក់​ទេ​ ព្រោះ​តែ​ជំងឺ​រាតត្បាត​ដ៏​អាក្រក់​ទាំង​១០​​នេះ

  • 2020-02-07 01:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោ​ង​តាម​វិបសាយ History Hit បាន​ឲ្យ​ដឹង​ថា កន្លង​មក​ពិភពលោក​ធ្លាប់​ពើប​ប្រទះ​នឹង​រោគ​រាតត្បាត​​ធំៗ​ចំនួន ១០ ដែល​ឆក់​យក​ជីវិត​មនុស្ស​អស់​រាប់​​លាន​នាក់​នៅ​ពាសពេញ​ពិភពលោក។ ព្រឹត្តិការណ៍​អាក្រក់ៗ​ទាំង​នោះ​មាន​ដូចជា៖

១. ជំងឺ​ឆ្លង​នៅ​ទីក្រុង​ Athens (ឆ្នាំ​៤៣០-៤២៧ មុន​គ.ស)៖ វា​ជា​ជំងឺ​គ្រុន​ពោះវៀន ដែល​​​មាន​ដើម​កំណើត​​ចេញ​ពី​អនុ​តំបន់​សាហារ៉ា​អាហ្វ្រិក។ ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​ Athens ប្រទេស​ក្រិក ហើយ​ឆ្លង​ដល់​​​បណ្ដា​ប្រទេស​នៅ​មេឌីទែរ៉ាណេ​ខាង​កើត។ ក្រុម​អ្នក​ប្រវត្តិ​វិទូ​ជឿ​ថា មនុស្ស​២​ភាគ​៣​នៃ​ប្រជាជន​ Athens បាន​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ជំងឺ​នេះ។

២. ជំងឺ​ឆ្លង​នៅ​រ៉ូម​ជំនាន់​ស្ដេច Antonine (ឆ្នាំ​១៦៥-១៨០)៖ វា​ត្រូវ​គេ​សង្ស័យ​ថា​ជា​ជំងឺ​អុត​ធំ ឬ​ជំងឺ​កញ្ជ្រឹល។ ក្នុង​១​ថ្ងៃ​ វា​សម្លាប់​មនុស្ស​​ជិត ២​ពាន់​នាក់។ ចំនួន​អ្នក​ស្លាប់​សរុប​មាន​ប្រមាណ​ជា ៥​លាន​នាក់។ ដំបូង​ឡើយ​វា​កើត​នៅ​រ៉ូម រួច​ធ្លាយ​ឆ្លង​ទៅ​ដល់​មេឌីទែរ៉ាណេ អាណាតូលី អេហ្ស៊ីប ក្រិក និង​អ៊ីតាលី។

៣. ជំងឺ​ឆ្លង​ជំនាន់​ស្ដេច​រ៉ូម៉ាំង Justinian I (ឆ្នាំ​៥៤១-៥៤២)៖ សោកនាដកម្ម​​នេះ​បាន​សម្លាប់​មនុស្ស​អស់ ២៥​លាន​នាក់ ដែល​ស្មើ​នឹង ១៣ ទៅ ២៦% នៃ​ប្រជាជន​លើ​ពិភពលោក​ទាំង​អស់​កាល​ពី​សម័យ​នោះ។ ជំងឺ​ឆ្លង​នេះ​គឺ​តាម​រយៈ​សត្វ​កណ្ដុរ​ខ្មៅ​ ហើយ​រោគ​សញ្ញា​នោះ​គឺ​ការ​ដំបៅ​រលួយ​ដៃ​​ជើង។

៤. រោគ​ឃ្លង់ (សតវត្ស​ទី​១១)៖ ជំងឺ​ឃ្លង់​កើត​មាន​ជា​យូរ​ណាស់​មក​ហើយ គ្រាន់​តែ​ពេល​ដែល​វា​ឆ្លង​ខ្លាំង​បំផុត​គឺ​នៅ​ក្នុង​អឺរ៉ុប។ ជំងឺ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​ឈាន​ដល់​ការ​បំផ្លាញ​អវៈយវៈ​ទាំង​អស់ បូក​រួម​ទាំង​ស្បែក ហើយ​និង​ភ្នែក។ មនុស្ស​មួយ​ចំនួន​មាន​ជំនឿ​ថា វា​ជា​ការ​ដាក់​ពិន័យ​របស់​ព្រះ​ជា​ម្ចាស់​ទៅ​លើ​ពិភពលោក​ចំពោះ​​​​​បាបកម្ម​ដែល​គេ​បាន​សាង។ មនុស្ស​​ឆ្លង​ជំងឺ​​នេះ​មាន​ប្រមាណ​រាប់​សិប​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំៗ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន បើ​មិន​ព្យាបាល​​បាន​ដិតដល់។

៥. ជំងឺ​ប៉េស្ត​នៅ​អឺរ៉ុប និង​អាស៊ី (ឆ្នាំ​១៣៤៧- ១៣៥១)៖ មនុស្ស​ចន្លោះ​ពី ៧៥ ដល់ ២០០​លាន​នាក់ បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​នេះ ដែល​ចម្លង​ចេញ​ពី​ចៃ​នៅ​លើ​សត្វ​កណ្ដុរ​ខ្មៅ​។ ចៃ​ទាំង​នោះ​បាន​រស់នៅ​លើ​​កប៉ាល់​ជំនួញ​ធ្វើ​ដំណើរ​ចុះ​ឡើង​រវាង​អាស៊ី និង​អឺរ៉ុប។ ក្រោយ​ឆ្លង​ជំងឺ​​ប៉េស្ត​បាន ៦ ទៅ ១០​ថ្ងៃ អ្នក​ជំងឺ​ចំនួន​៨០% នឹង​​ត្រូវ​ស្លាប់។

៦. ជំងឺ​ឆ្លង Cocoliztli នៅ​​ម៉ិកស៊ីកូ (ឆ្នាំ​​​​​​​​​​​​​​​​​​១៥៤៥- ១៥៤៨)៖ វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​ជំងឺ​អេបូឡា ដោយ​រោគ​សញ្ញា​មាន​ដូចជា វិល​មុខ គ្រុន​ក្ដៅ ឈឺ​​ក្បាល ឈាម​ចេញ​ពី​ច្រមុះ​​និង​ភ្នែក ជា​ដើម។ មនុស្ស​​​ចំនួន ១៥​លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។

៧. ជំងឺ​ឆ្លង​នៅ​​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស (ឆ្នាំ​១៦៦៥ - ១៦៦៦)៖ មនុស្ស​ស្លាប់​មាន​ចំនួន​ប្រហែល ១០​ម៉ឺន​នាក់​ក្នុង​រយៈពេល ១៨​ខែ​ ហើយ​សត្វ​ឆ្កែ​ឆ្មា​រាប់​សិប​ម៉ឺន​ក្បាល​ត្រូវ​គេ​សម្លាប់​ដើម្បី​ការពារ​ជំងឺ​ឆ្លង​នេះ។

៨. ជំងឺ​ផ្ដាសាយ H1N1 (ឆ្នាំ​១៩១៨)៖ មនុស្ស​៥០០​លាន​នាក់​នៅ​លើ​ពិភពលោក​បាន​ឆ្លង​ជំងឺ​ ដោយ​ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​មាន​ចន្លោះ​ពី ៥០​លាន​ ដល់ ១០០​លាន​នាក់។

៩. ជំងឺ​ផ្ដាសាយ H2N2 (ឆ្នាំ​១៩៥៧)៖ វា​កើត​ចេញ​ពី​ខេត្ត Guizhou ប្រទេស​ចិន រួច​ឆ្លង​ដល់​សិង្ហបុរី ហុងកុង និង​សហរដ្ឋ​អាមេរិក បន្ទាប់​មក​​គឺ​​ពិភពលោក​ទាំង​មូល។ មនុស្ស​ស្លាប់​មាន​ប្រមាណ​ពី ១ ទៅ ២​លាន​នាក់។

១០. ជំងឺ​អេដស៍ (ទសវត្ស​ទី​៨០ ដល់​បច្ចុប្បន្ន)៖ ជំងឺ​អេដស៍​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​សាធារណរដ្ឋ​កុងហ្គោ នា​ឆ្នាំ​១៩៥៩។ ប៉ុន្តែ​ការ​ឆ្លង​រាតត្បាត​ខ្លាំង​ទើប​កើត​ឡើង​ដើម​ទសវត្ស​ទី​៨០។ ចាប់​​តាំង​ពី​នោះ​មក មនុស្ស​ឆ្លង​មេរោគ​អេដស៍​មាន​ប្រមាណ ៧០​លាន​នាក់ ហើយ​អ្នក​ស្លាប់​មាន ៣៥​លាន​នាក់៕

ប្រភព៖ History ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;