អាជ្ញាធរ នឹងចាប់ផ្តើមធ្វើផ្លូវវាងមុខព្រះលានជល់ដំរីចាប់ពីដើមខែកុម្ភៈ នេះ

  • 2020-02-07 08:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោងស្ថាបនាផ្លូវកៅស៊ូថ្មីនៅលើគន្លងផ្លូវដីក្រហមចាស់ដែលមានអាយុកាលតាំងពីឆ្នាំ១៩១២ ដែល​មានទីតាំងនៅមុខបរិវេណប្រាសាទសួរព្រ័ត្រ ជំនួស​ការ​ប្រើប្រាស់​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​មុខ​ព្រះលាន​ជល់ដំរី នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយ​ប្រើ​រយៈពេល ៥ខែ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការ​ធ្វើផ្លូវ​វាង​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់ទៅលើរចនាសម្ពន្ធនៃព្រះលានជល់ដំរីដោយសាររំញ័រពីការបើកបររថយន្ត និង​ផ្សែង​ពុល​ពីយានយន្តគ្រប់ប្រភេទ ពិសេស​ដើម្បី​រក្សាសុវត្ថិភាព​របស់​ភ្ញៀវទេសចរ​ពេល​ដើរ​ឆ្លង​កាត់​ទៅ​ទស្សនាប្រាសាទជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ព្រោះ​ផ្លូវ​កៅស៊ូ​ចាស់​នេះ​នៅ​ជាប់​នឹង​ព្រះលាន​ជល់​ដំរីខ្លាំងពេក។

លោកបន្ថែមថា ការស្ថាបនាផ្លូវថ្មីនេះមានប្រវែងសរុប ១៤២៧ម៉ែត្រ ទទឹង៦ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពណ៌​ក្រហមចាស់ ដែលផ្តើមចេញពីផ្លូវកែងជ្រុងខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន្ត ឆ្ពោះ​ទៅខ្លោងទ្វារដីឆ្នាំង ដោយបត់ឆ្វេងមុនទៅដល់ប្រាសាទព្រះពិធូរ ភ្ជាប់ទៅនឹងផ្លូវកៅស៊ូចាស់ មុខ​វត្តទេពប្រណម្យ។

ក្រោយពេលសាងសង់ផ្លូវនេះរួចរាល់ អាជ្ញាធរជាតិអប្សរា នឹង​ផ្អាក​ការ​ប្រើប្រាស់​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​ទាំង​ស្រុង ហើយកែលម្អផ្លូវនោះជាសួនដាំស្មៅ ដើមឈើដើម្បីឱ្យមានទេសភាព និង​បរិស្ថាន​ល្អស្អាត​នៅ​មុខ​ព្រះលានជល់ដំរី ក៏ដូចជានៅក្នុងបរិវេណក្រុងអង្គរធំទាំងមូល៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;