ពាក្យ "កំពង់" មិនមែន​មាន​តែនៅខ្មែរ តែមាន​នៅ​ប្រទេស​៤ទៀត ក្នុង​តំបន់អាស៊ាន!

  • 2020-02-12 06:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅកម្ពុជា មាន​ឈ្មោះតំបន់ជាច្រើន ដែល​មាន​ពាក្យ "កំពង់" ដូចជា​ខេត្ត​កំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្ត​កំពង់ធំ ខេត្ត​កំពង់ស្ពឺ និងកំពង់សោម (ខេត្តព្រះសីហនុ) ជាដើម។ ភូមិ ឃុំ ស្រុក​ជាច្រើនទៀត ក៏មាន​ឈ្មោះ "កំពង់" ដែរ ដូចជា​ស្រុក​កំពង់សៀម ស្រុកកំពង់លែង ស្រុកកំពង់ត្រលាច ស្រុកកំពង់ត្រាច ស្រុកកំពង់ស្វាយ ស្រុកកំពង់ក្ដី ស្រុកកំពង់ត្របែក ឃុំកំពង់ព្រះ ឃុំកំពង់ព្រៀង ឃុំកំពង់ហាវ ឃុំកំពង់ភ្នំ... -ល-។

មាត់ទន្លេ ខេត្តកំពង់ចាម
បើក្រលែកទៅប្រទេស​**ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ និងសិង្ហបុរី** ឯណោះវិញ ក៏មាន​តំបន់​មួយចំនួន មានឈ្មោះ "កំពង់" ដូច​នៅកម្ពុជា​ដែរ។ តើពាក្យ "កំពង់" នៅប្រទេស​ទាំង ៤នោះ មានអត្ថន័យ ដូច​ពាក្យ "កំពង់" ដែល​មាន​ក្នុង​ឈ្មោះ​តំបន់​ជាច្រើន​នៅ​កម្ពុជា ដែរឬទេ?

តាម​វចនានុក្រមខ្មែរសម្ដេច​ជួន ណាត ពាក្យ "កំពង់" មានអត្ថន័យថា​ជាទី​កន្លែង​នៅ​មាត់​ទឹក​ ដែល​ជនានុជន​ចុះ​ឡើង ​ឬ​ចត​ទូក​ជាដើម។ ឧទាហរណ៍៖ កំពង់​ទូក, កំពង់​កប៉ាល់, កំពង់​ទឹក។

ចំណែក​​ពាក្យ "កំពង់" (Kampong ឬ Kampung) នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងសិង្ហបុរី វិញ មាន​ន័យថា ភូមិ ឃុំ ឬតំបន់រដ្ឋបាល​ថ្នាក់ក្រោមៗ។ ភាគច្រើនឈ្មោះតំបន់ដែលមានពាក្យនេះ គឺជា​ភូមិ​បុរាណ ជាពិសេស​គឺភូមិ​ជនជាតិ​ដើមភាគតិច​ក្នុង​ប្រទេស​ទាំងនោះ។

ប្រ៊ុយណេ៖ នៅប្រ៊ុយណេ ពាក្យ "Kampong ឬ Kampung" សំដៅ​ទៅលើ​តំបន់រដ្ឋបាល​លំដាប់ទី៣ ឬលំដាប់ចុងក្រោយ។ ប្រ៊ុយណេ ចែកចេញ​ជា daerah (ស្រុក), ស្រុកចែកចេញជា mukim (ឃុំ), ឃុំចែកចេញជា kampung or kampong (ភូមិ)។ ឧទាហរណ៍ ភូមិ Kampong Keriam ស្ថិតក្នុង​ឃុំ Keriam ស្រុក Tutong។

ឥណ្ឌូណេស៊ី៖ នៅឥណ្ឌូណេស៊ី ពាក្យ "Kampung" សំដៅលើភូមិ ឃុំ ដែរ តែមិនមែនទាំងអស់នោះទេ។ តំបន់ខ្លះ​នៅប្រទេស​នេះ ហៅ​ Kampung តែតំបន់ខ្លះ​ហៅថា Desa ឬ Kota ជាដើម។ តំបន់ដែល​មាន​ពាក្យ "កំពង់" មានដូចជាស្រុក Kampung Melayu នៅ East Jakarta, Kampung Bugis, Kampung Ambon, Kampung Jawa, Kampung Arab ជាដើម។

ផ្លូវ​នៅ​ Kampung Melayu ប្រទេសឥណ្ឌូណេស៊ី

ម៉ាឡេស៊ី៖ នៅម៉ាឡេស៊ី ពាក្យ "Kampung" សំដៅ​ទៅ​លើ​តំបន់​រដ្ឋបាល​ដែល​មាន​ប្រជាជន​រស់នៅ ១ម៉ឺន​នាក់​ចុះក្រោម។ Kampung Baru (ភូមិថ្មី) ជា​ឈ្មោះ​គោលនយោបាយ​មួយ​ ដែលចក្រភព​អង់គ្លេស បាន​បង្កើត​ឡើង​ពេល​ដាក់​អាណានិគម​លើ​ម៉ាឡេស៊ី។

សិង្ហបុរី៖ ភូមិ​ដែល​មាន​ឈ្មោះ Kampung ឬ Kampong ក៏មាន​នៅសិង្ហបុរី​ដែរ ប៉ុន្តែ​នៅ​មិន​ច្រើន​នោះទេនាពេលបច្ចុប្បន្ននេះ ហើយ​ភាគច្រើន​មាន​នៅ​សល់​តាម​កោះ​ជុំវិញ​ប្រទេស​នេះ។ ភូមិ​មួយដែល​ល្បី គឺភូមិ Kampong Buangkok ដែល​ត្រូវ​បាន​គេ​យក​ជា​ទីតាំង​ថត​រឿង "The Last Kampong"៕

ផ្លូវ​មួយ​ក្នុង​ភូមិ Kampong Buangkok ប្រទេស​សិង្ហបុរី

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;