កូន​ស្រី​ស្លាប់​តាំង​ពី​អាយុ ៧ ឆ្នាំ ទី​បំផុត​ម្តាយ​ស្រក់​ទឹក​ភ្នែក ពេល​បាន​ជួប​កូន​តាម VR

  • 2020-02-12 07:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចេកវិទ្យា VR បាន​ជួយ​ឲ្យ​ម្តាយ​កម្សត់​ដែល​បាត់បង់​កូន​ស្រី​មួយ​រូប អាច​ជួបជុំ​កូន​ស្រី​របស់​នាង​បាន​សារ​ជា​ថ្មី​នៅ​ក្នុង​ពិភព​សិប្បនិមិត្ត (Virtual World)។

អ្នក​ស្រី Jang Ji-sung បាន​បែកបាក់​ពី​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ឈ្មោះ Nayeon កាល​ពី​ឆ្នាំ ២០១៦ នៅ​ពេល​ក្មេង​នោះ​មាន​អាយុ ៧ ឆ្នាំ ស្លាប់​ដោយ​សារ​ជំងឺ។

ថ្មីៗ​នេះ​រឿង​រំភើប​មួយ​បាន​កើត​ឡើង ក្រោយ​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​របស់​កូរ៉េ​ខាង​ត្បូង MBC បាន​បង្កើត​នូវ​កម្មវិធី​ដ៏​កម្រ​មួយ​ដោយ​អញ្ជើញ​ឲ្យ​អ្នក​ស្រី​ Ji-sung បាន​មក​ជួប​កូន​ដែល​ស្លាប់​សារ​ជា​ថ្មី តាម​រយៈ​បច្ចេកវិទ្យា VR។

ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​វីដេអូ​នេះ​ទទួល​បាន​ការ​ទស្សនា​លើ YouTube ដល់​ទៅ​ជាង ៨ លាន​ដង ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​អ្នក​ស្រី Ji-sung មាន​ប្រើប្រាស់​ឧបករណ៍ VR រួម​មាន​វ៉ែនតា​និង​ស្រោមដៃ ហើយ​ឈរ​ពី​មុខ​ផ្ទាំង​ក្រណាត់​ពណ៌​បៃតង​មួយ ដើម្បី​អាច​ស្រមៃ​មើល​ឃើញ​ក្នុង​ពិភព​នៃ​សួនច្បារ​ដ៏​ស្រស់​បំព្រង ជាមួយ​នឹង​កូន​ស្រី​សារ​ជា​ថ្មី។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អ្នក​ស្រី Ji-sung បាន​ថ្លែង​ថា៖ "នេះ​ជា​ឋានសួគ៌​ពិតៗ ដោយ​ខ្ញុំ​បាន​ជួប​កូន​ស្រី Nayeon នាង​បាន​ហៅ​ឈ្មោះ​ខ្ញុំ​ហើយ​ញញឹម​ដាក់​ខ្ញុំ ត្បិត​គិត​ថា​វា​ជា​ពេលវេលា​ខ្លី​មួយ​មែន តែ​វា​ពិត​ជា​ធ្វើ​ឲ្យ​រីករាយ​ខ្លាំង​ណាស់"។

គួរ​បញ្ជាក់​ថា​ក្រុម​ការងារ​ខាង​លើ​បាន​ចាយ​ពេល ៨ ខែ​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា​នៃ​ពិភព​ខាង​ក្រៅ​មួយ​នេះ​ឲ្យ​ដំណើរការ​ទៅ​បាន ដោយ​បាន​រចនា​សួនច្បារ​ដែល​ម្តាយ​និង​កូន​ធ្លាប់​ទៅ ហើយ​យក​ទម្រង់​មុខមាត់​ដូចពិត​ៗនិង​អារម្មណ៍​មក​ច្របាច់​ចេញ​ជា​កាយវិការ​សម្រាប់​តួ​អង្គ Nayeon៕

ប្រភព៖ Zing ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;