នាយកដ្ឋាននឹងបង្កើតក្រុមពិសេសមួយ តាមដានអ្នកលេងហ្វេសប៊ុកណាដែលបញ្ចេញកេរ្តិ៍ខ្មាស់

  • 2020-02-18 08:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងបង្កើតក្រុមពិសេស​មួយ ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់ លើ​ម្ចាស់គណនី​ហ្វេសប៊ុក ឬគេហទំព័រទាំងឡាយណា ដែលបានបញ្ចេញវីដេអូអាសអាភាស ឬ បង្ហោះ​លក់​ទំនិញតាមអនឡាញ ណាដែលនៅតែហ៊ានបញ្ចេញសាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​មួយ​ចំនួន​ដើម្បី​យក​មក​ចាត់វិធានការតាមច្បាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅលើ​ផេក​ហ្វេសបុក​ផ្លូវ​ការ​របស់​នាយក​ដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា កាល​ពី​ថ្ងៃ​ទី ១៧ កុម្ភៈ ម្សិល​មិញ។

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ការ​លើក​ឡើង​របស់​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យានេះ ក្រោយ​ពេល​សម្តេច ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួងមហាផ្ទៃឱ្យពិនិត្យ និង​ចាត់វិធានការបន្ទាន់ទៅលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ ដែល​បាន​បែក​ធ្លាយ និងចែកចាយនៅតាមបណ្តាញសង្គម និងគេហទំព័រនានា នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាល​ពីថ្ងៃទី១៧ ខែកុម្ភៈកន្លង​ទៅ។

យោងតាមអនុសាសន៍របស់សម្តេច ដែលបានប្រគល់ភារកិច្ចនេះមកឱ្យក្រសួងមហាផ្ទៃ ក៏​ដូច​ជា​អគ្គ​ស្នងការនគរបាលជាតិ បាន​បញ្ជា​មក​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ​លើ​បញ្ហានេះ ដើម្បីលើកកម្ពស់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ។ គួររម្លឹកផងដែរថា នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានហៅមកបំភ្លឺ និង​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ​ជា​ច្រើន​មក​ហើយ​ទាក់​ទង​នឹង​បញ្ហានេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;