សម្តេចតេជោអំពាវនាវឲ្យអ្នកចូលចិត្តដើរកម្សាន្តក្រៅប្រទេសងាកមកម្សាន្តនៅក្នុងស្រុកវិញ

  • 2020-02-24 08:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាដែលចូលចិត្តធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសឲ្យងាកមកដើរកម្សាន្តនៅក្នុងស្រុកវិញ ពិសេសខេត្តសៀមរាប។ ការអំពាវនាវនេះធ្វើឡើងនៅកម្មវិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចមានប្រសាសន៍ថា “សម្រាប់អ្នកដែលធ្វើទេសចរណ៍នៅក្រៅប្រទេស ឥឡូវនេះគឺជើងហោះ ហើរមួយចំនួនក៏ត្រូវបានផ្អាកការហោះហើរ ហើយភាពមិនច្បាស់លាស់ទៅតាមប្រទេសក៏ស្ថិតក្នុងសា្ថនភាពប្រុងប្រយ័ត្ន ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋរបស់យើងដែលធ្លាប់ធ្វើដំណើរចេញទៅក្រៅប្រទេសក្នុងមួយឆ្នាំជាង ១លាននាក់ សូមបកមករិះរកការធ្វើដំណើរក្នុងស្រុករបស់យើងទៅកាន់តំបន់ទេសចរណ៍នានា ក្នុងនោះឲ្យអាទិភាពខ្ពស់ក្នុងខេត្តសៀមរាប ធ្វើយ៉ាងនេះយើងសន្សំរូបិយបណ្ណផង និងឲ្យប្រជាពលរដ្ឋស្គាល់ប្រទេសកាន់តែច្បាស់ផង នេះជាសេចក្តីអំពាវនាវរបស់ខ្ញុំដើម្បីជួយវិស័យទេសចរណ៍តាមរយៈការធ្លាក់ចុះនៃទេសចរបរទេស ក៏បុន្តែទេសចរណ៍ក្នុងស្រុករបស់យើងនៅតែមានកំណើន”។

ក្រៅពីអំពាវនាវខាងលើ សម្តេចក៏បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារឲ្យបន្ធូបន្ថយថ្លៃតាមលទ្ធភាពដែលអាចធ្វើទៅបានជាជាងទុកបន្ទប់ចោល។

តាមតួលេខភ្ញៀវទេសចរក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជាបានធ្លាក់ចុះប្រមាណជា ៦០ភាគរយ ពិសេសភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ ៩០ភាគរយ ក្នុងនោះខេត្តសៀមរាបមានការប៉ះពាល់ខ្លាំង និងខេត្តដទៃផ្សេងទៀតមានផលប៉ះពាល់តិចតួច៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;