ដឹងថ្ងៃបើកការដ្ឋានសាងសង់ផ្លូវកាត់ថ្មីពីសំឡូត ទៅកោះកុង និងការសម្ពោធផ្លូវជាតិលេខ៥៥ ជាផ្លូវការហើយ
- 2020-02-26 13:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថ្ងៃបើកការដ្ឋានសាងសង់ផ្លូវកាត់ថ្មីពីសំឡូត ទៅកោះកុង និងការសម្ពោធផ្លូវជាតិលេខ៥៥ ជាផ្លូវការហើយ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធជាផ្លូវការផ្លូវជាតិលេខ៥៥ ពីវាលវែង ទៅថ្មដា ខេត្តពោធិ៍សាត់ ហើយជាមួយគ្នានោះ នឹងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវកាត់ថ្មីពីសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ សម្តេចបានថ្លែងឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ដោយប្រើប្រាស់រយៈពេលសាងសង់អស់ចំនួន៤២ខែ។ ផ្លូវនេះសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋ ប្រជាមានិតចិន។
ចំណែកគម្រោងសាងសង់ផ្លូវកាត់ថ្មីចេញពីសំឡូត ទៅថ្មដា រួចទៅកាន់ខេត្តកោះកុងនោះ សម្តេច ហ៊ុន សែន ធ្លាប់លើកឡើងថា អាចចំណាយដល់ជាង ២០០លានដុល្លារ។ សម្តេចបញ្ជាក់ថា ការសាងសង់ផ្លូវកាត់នេះ គឺដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទំនិញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ ពោលគឺចំណេញចម្ងាយផ្លូវប្រមាណ ១០០គីឡូម៉ែត្រ៕