សម្តេច ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្ត រកកន្លែងសម្រាប់ដាក់អ្នកដែលមានវីរុសកូវីដ១៩

  • 2020-03-23 06:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) បានណែនាំឱ្យអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការនៅតាមខេត្ត រកកន្លែងសម្រាប់ដាក់អ្នកដែលមានវីរុសកូវីដ១៩ ដើម្បីព្យាបាល និងរៀបចំប្រព័ន្ធទឹកភ្លើង។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា «អ្នកជំងឺរបស់យើងកន្លែងខ្លះមានការកើនឡើងដូចជានៅខេត្តព្រះសីហនុជាដើម បើកើនឡើងរបៀបនេះ ធ្វើឲ្យកន្លែងដែលយើងទទួលគឺវាមិនគ្រប់គ្រាន់ទេ គឺយើងត្រូវប្រើប្រាស់សាលារៀន នៅទីរួមខេត្ត និងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ត្រូវធ្វើ គឺត្រូវជ្រើសរើសទីតាំងណាមួយ ឬពីរ ក្នុងខេត្តមួយ»។

សម្ដេចបានបន្តថា «ទីតាំងទាំងនៅះត្រូវរៀបចំប្រព័ន្ធទឹកភ្លើងចូលឲ្យដល់ជាបន្ទាន់ នេះជាកិច្ចជាបន្ទាន់ ហើយតាមខេត្តយកចិត្តទុកដាក់ នៅរាជធានីភ្នំពេញមិនជាចំណោទទេ ដោយសារយើងមានមន្ទីរពេទ្យរុស្ស៊ី អគារនៅចាក់អង្រែ មន្ទីរពេទ្យយោធា និងអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់ ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់ ដោះស្រាយធ្វើម៉េច ត្រូវជ្រើសរើសយកសាលារៀនដែលយើងកំពុងបិទនេះ យកអគារមួយ ឬពីរ គឺឲ្យមានច្រើនបន្ទប់ រៀបចំគ្រែ ដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប ហើយអាចយកទាំងកម្លាំងប៉ូលិស ទាហាន និងប៉េអឹម ដើម្បីយកមកជួយធ្វើការងារនេះតែម្តង ហើយជាពិសេសគឺសម្រុកដោះស្រាយបញ្ហាតភ្ជាប់ប្រព័ន្ធទឹក ភ្លើង ចូលទៅតែម្តង និងរៀបចំគ្រែ ដើម្បីរៀបចំដាក់ទទួលអ្នកជំងឺនៅពេលដែលត្រូវមានការចាំបាច់។ ហើយរឿងដែលខ្វះ គឺខ្វះបន្ទប់ទឹក បណ្តាញទឹកដែលត្រូវផ្គត់ផ្គង់ត្រូវមានគ្រប់»។

សម្តេចក៏បានបញ្ជាក់ថា «ដើម្បីចៀសវាងនៅបេលមមានអ្នកជំងឺច្រើន យើងមិនអាចរកកន្លែងដាក់បាន នេះជាបញ្ហាដែលត្រូវត្រៀមបម្រុងទុក សូមឲ្យថ្នាក់ខេត្ត លោកម៉ម ប៊ុនហេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួង គឺចូលរួមដើម្បីផ្តល់មតិបន្ថែមទៅឲ្យសុខាភិបាលខេត្ត រួមជាមួយនិងគណៈអភិបាលដើម្បីនឹងពិនិត្យតើយើងគួរយកកន្លែងណាដែលសមស្រប យើងមិនមែនចេះតែដើរយកទេ គឺយកកន្លែងណាដែលសមស្របទាំងមានលទ្ធភាព ហើយដែលវាមិនអាចរីករាលដាលទៅកន្លែងដទៃ ហើយជាទូទៅត្រូវធ្វើគ្រប់ទីកន្លែងដើម្បីត្រៀមបម្រុងទុក»៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;