សម្តេច ហ៊ុន សែន និយាយទូរសព្ទជាមួយ​រដ្ឋមន្រ្តីការបរទេសអាមេរិក

  • 2020-04-08 06:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្ពុជាបានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

លោក Mike Pompeo
ក្រសួងការបរទេសបន្តថា សម្តេចតេជោ និងលោកPompeo បានលើកពីការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនៃការប្រឆាំងនឹងការរីករាលដាលពេញពិភពលោក នៃ COVID-19 ដោយលោក Pompeo អរគុណកម្ពុជា ចំពោះការជួយសង្គ្រោះអ្នកធ្វើដំណើរលើនាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាមេរិក ចំពោះជំនួយ និងកិច្ចសហការពីសំណាក់អ្នកជំនាញការនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត អាមេរិក ក៏ដូចជាចំពោះទឹកប្រាក់ ២លានដុល្លារ សំរាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។

ជាមួយនឹងការអះអាងថា អាមេរិកនឹងបន្តជួយគាំទ្រដល់កិច្ចប្រឹងប្រែងនានាដើម្បីសុខភាព សុវត្ថិភាព របស់ប្រជាជនកម្ពុជានោះ លោកPompeo បានស្វាគមន៍សេចក្តីថ្លែងការណ៍របស់រាជរដ្ឋភិបាលកម្ពុជា ស្តីពីអធិតេយ្យជាតិ គាំទ្រគ្រប់ទំរង់នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពី សារៈសំខាន់នៃសេរីភាពក្នុងការបញ្ចេញមតិ ទោះបីមតិនោះខុសគ្នាក៏ដោយ។

ទាក់ទងនឹងក្របខ័ណ្ឌអាស៊ាន-អាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកអំពីតួនាទីដ៏សំខាន់របស់អាមេរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារៈសំខាន់របស់អាមេរិកក្នុងការកាត់បន្ថយ គម្លាត រវាងប្រទេសនានាក្នុងតំបន់មេគង្គក្រោម និងសមាជិក ASEAN ផ្សេងទៀត។

សម្តេចក៏បានអរគុណចំពោះវិភាគទានដែលក្រុមអ្នកស្ម័គ្រចិត្តអាមេរិក Peace Corps Volunteers បានផ្តល់ដល់សង្គមកម្ពុជា ហើយដែលនេះក៏ជាការជំរុញទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនផងដែរ។

សម្តេចតេជោ និងលោកPompeo បានចែករំលែកសមានចិត្តក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារនៃជនរងគ្រោះទាំងឡាយនៅអាមេរិក និងនៅតំបន់អាស៊ី ដោយសារ COVID-19។ សម្តេចបានផ្តាំផ្ញើការ គាំទ្ររបស់សម្តេចជូនចំពោះលោកប្រធានាធិបតី Trump ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺ COVID-19 ហើយ ឯកឧត្តម Pompeo ក៏បានអរគុណសម្តេចចំពោះការអញ្ជើញឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្រប៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;