អ្វីនឹងកើតឡើង បើអ្នកញ៉ាំស៊ុត ៦គ្រាប់ក្នុង១សប្ដាហ៍?
- 2020-04-10 06:13:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីនឹងកើតឡើង បើអ្នកញ៉ាំស៊ុត ៦គ្រាប់ក្នុង១សប្ដាហ៍?
ចន្លោះមិនឃើញ
ការទទួលទានស៊ុត មានអត្ថប្រយោជន៍ល្អជាច្រើន ហើយវានឹងអាចជួយកាត់បន្ថយអត្រាមរណភាព និងជំងឺដាច់សរសៃឈាមបេះដូងបានថែមទៀតផង។ នេះបើយោងតាមការរកឃើញថ្មីរបស់ក្រុមអ្នកស្រាវជ្រាវចិននៃមន្ទីរពេទ្យ Fuwai ដោយពិសោធរយៈពេល១៧ឆ្នាំទៅលើអ្នកចូលរួមចំនួន ១០២ ១៣៦នាក់ មកពីខេត្តចំនួន ១៥។
អ្នកចូលរួមក្នុងការសិក្សាខាងលើ ដែលមានអត្រាទាបចំពោះមរណភាព និងជំងឺដាច់សរសៃឈាមបេះដូង មានទម្លាប់បរិភោគស៊ុតចន្លោះពី ៣គ្រាប់ ទៅ ៦គ្រាប់ ក្នុង១សប្ដាហ៍។ យ៉ាងណាមិញ សម្រាប់អ្នកដែលបរិភោគស៊ុតតិចពេក ឬច្រើនពេក បែរជាមានអត្រាខ្ពស់ចំពោះមរណភាព និងជំងឺដាច់សរសៃឈាមបេះដូងទៅវិញ។ អ្នកមិនទទួលទានស៊ុត ឬត្រឹម១គ្រាប់ក្នុង១សប្ដាហ៍ មានអត្រា ២២% ទៅ ២៩% ចំពោះមរណភាព និងជំងឺដាច់សរសៃឈាមបេះដូង ឯអ្នកទទួលទានស៊ុតច្រើនជាង ១០គ្រាប់ មានអត្រាចន្លោះពី ១៣% ទៅ ៣០%។
សូមបញ្ជាក់ថា ស៊ុតជាអាហារអាចធ្វើញ៉ាំបានយ៉ាងឆាប់រហ័ស ហើយមានតម្លៃសមរម្យ។ វាសម្បូរប្រូតេអ៊ីន ដែលល្អសម្រាប់សុខភាពមនុស្ស។ បើទោះជាយ៉ាងនេះក្ដី វាក៏ផ្ទុកកូឡេស្ដេរ៉ុល ដែលអាចបង្កគ្រោះថ្នាក់ផងដែរចំពោះអ្នកបរិភោគ។ ការសិក្សាស្រាវជ្រាវនៃការទទួលទានស៊ុតមានចំនួនច្រើនណាស់ តែការរកឃើញទាំងនោះបែរជាមានលក្ខណៈខុសគ្នាៗទៅវិញ ពោលគឺគ្មានការមូលមតិឲ្យជាក់លាក់ណាមួយនោះទេ ជាពិសេសចំពោះចំនួនស៊ុតដែលគួរបរិភោគប្រចាំថ្ងៃ៕