៥រឿង​របស់​អ្នក​ស្រី ពាន់ ភួងបុប្ផា ដែល​បាន​ឆក់​យក​ចិត្ត​អ្នក​ទស្សនា

  • 2017-11-04 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​និពន្ធ​ និង​ដឹក​នាំ​រឿង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា អ្នក​ស្រី ពាន់ ភួងបុប្ផា បាន​ស្រាវជ្រាវ​​​រឿង​ពិត​ចេញ​ពី​ក្នុង​សង្គម ដើម្បី​ផលិត​ចេញ​ជា​ខ្សែ​ភាពយន្ត​ដ៏​ល្អ​ជា​ច្រើន អាច​ឆក់​ចិត្ត​អ្នក​មើល​ស្ទើរ​គ្រប់​វ័យ ឱ្យ​អួល​ដើមក​តាម​សាច់​រឿង។ ថ្ងៃ​នេះ សូម​ណែនាំ​ភាពយន្ត​ស៊េរី​ទឹក​ចិត្ត៥រឿង​ល្បី​ៗ និពន្ធ​ដោយ អ្នក​ស្រី ពាន់ ភួងបុប្ផា មក​ជូន​ ប្រិយមិត្ត។

ផលិតករ​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ស្រី ពាន់ ភួងបុប្ផា បាន​ប្រាប់​ថា ការ​ផលិត​រឿង​ក្នុង​ស៊េរី​ទឹក​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ឱ្យ​អ្នក​មើល​បាន​សិក្សា​ពី​ជីវិត​ពិត​របស់​ក្រុម​គ្រួសារ​ក្នុង​សង្គម​ខ្មែរ​មួយ​ចំនួន។ រឿង​ទាំង​នេះ អ្នក​ស្រី​បាន​ផលិត​ជា​បន្ត​បន្ទាប់​គ្នា តែ​បើ​គិត​ថា​ក្នុង​មួយ​រឿង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​និពន្ធ ឬ​រយៈ​ពេល​ប៉ុន្មាន​ក្នុង​ការ​ដំឡើង​គ្រោង​ឆ្អឹង​រឿង​នោះ គឺ​មិន​អាច​កំណត់​បាន​ឡើយ ព្រោះ​រឿង​ទាំង​នេះ​ត្រូវ​ការ​ពេល​សន្សំ​ច្រើន​ឆ្នាំ។

«យើង​អត់​អាច​កំណត់​ពេល​ថា រឿង​នេះ​ត្រូវ​ការ​ពេល​ប៉ុណ្ណេះ ឬ​បណ្ដោះ​ផលិត​បាន​នោះ​ទេ រឿង​ដែល​មាន​គុណ​ភាព​ត្រូវ​ការ​ពេល​ស្រាវ​ជ្រាវ មើល​ពី​ជីវិត​ពិត​ក្នុង​សង្គម ត្រូវ​ការ​សន្សំ​បន្តិច​ម្ដង​ៗ។ យើង​ត្រូវ​មើល​ទៀត​ថា តើ​រឿង​របស់​យើង​ត្រូវ​នឹង​មនុស្ស​វ័យ​ណា ដូច​រឿង​ស៊េរី​ទឹក​ចិត្ត​នេះ យើង​ត្រូវ​ការ​ពេល​សន្សំ​យូរ​ឆ្នាំ​ណាស់»

រឿង​ក្នុង​ស៊េរី "ទឹក​ចិត្ត" ដែល​ឆក់​ចិត្ត​អ្នក​មើល​ស្ទើរ​គ្រប់​វ័យ​របស់​អ្នក​ស្រី ពាន់ ភួង​បុប្ផា ទាំង​៥រឿង៖

  • រឿង​ទី១ "ទឹក​ចិត្ត​គ្រូ​បង្រៀន” ផលិត​ក្នុង​អំឡុង​ឆ្នាំ២០០១ និង ២០០២

  • រឿង​ទី២ "ទឹក​ចិត្ត​ម្ដាយ” ផលិត​ក្នុង​អំឡុង​ឆ្នាំ ២០០២។ រឿង​នេះ​គ្រាន់​តែ​ដំឡើង​គ្រោង​ឆ្អឹង​រឿង​ចំណាយ​ពេល​អស់​ជិត​១០ឆ្នាំ

  • រឿង​ទី៣ "ទឹក​ចិត្ត​ឪពុក” ផលិត​ក្នុង​ឆ្នាំ​ ២០០៣

  • រឿង​ទី៤ "ទឹក​ចិត្ត​បង​ស្រី” ផលិត​ក្នុង​ឆ្នាំ ២០០៧

  • រឿង​ទី៥ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី” ផលិត​ក្នុង​ឆ្នាំ​ ២០១៥

អ្នក​ស្រី ពាន់ ភួងបុប្ផា ជា​ផលិត​ករ​ដ៏​ល្បី បាន​និពន្ធ​រឿង​ជា​ច្រើន​ទាំង​រឿង​ភាគ​ និង​រឿងដុំ ហើយ​រឿង​របស់​អ្នក​ស្រី​ភាគ​ដ៏​ច្រើន​បំផុត​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើពី​មហាជន​គ្រប់​ទិស​ទី ទាំង​រឿង​កម្សត់ និង​រឿង​កំប្លែង ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ល្បីៗ តាំង​ពី​សម័យ​មុន និង​សម័យ​បច្ចុប្បន្ន៕

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី
;