ប្រធានបទ​សំខាន់​ៗ ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី

  • 2018-03-18 03:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨ នៅក្រុង​ស៊ីដនី ដោយមាន​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ត្រូវបាន​លើក​យក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះ។

ប្រធានបទ​ក្នុង​កិច្ចប្រជុំ​នេះ គឺ​ផ្តោតទៅ​លើ​ទិសដៅ​អនាគត​នៃ​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-អូស្រ្តាលី និង​សារៈ​សំខាន់​នៃ​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​នៅក្នុង​វិស័យ​យុទ្ធសាស្រ្ត​មួយ​ចំនួន​ដើម្បី​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព។ អាទិភាព​នៃការ​ពិភាក្សា ផ្តោតលើ​របៀបវារៈ​សំខាន់​ចំនួន​២ គឺការ​ប្រយុទ្ធ​ប្រឆាំង​និង​អំពើ​ភេរ​វកម្ម និង​ការធ្វើ​ពាណិជ្ជកម្ម-វិនិយោគ។

អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​៣ របស់​អូស្រ្តាលី ដែល​តំណាង​ឲ្យ​ប្រមាណ ១៥% នៃ​ពាណិជ្ជកម្ម​សរុប​របស់​អូស្រ្តាលី។ ការ​វិនិយោគ​ផ្ទាល់​របស់​អូស្រ្តាលី ក្នុង​ប្រទេស​អាស៊ាន នៅចុង​ឆ្នាំ​២០១៦ មាន​ចំនួន ៣៨​ពាន់​លាន​ដុល្លា។

ជាមួយ​គ្នានេះ​អូស្រ្តាលី​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាង ១លាន​នាក់ ពី​ប្រទេស​អាស៊ាន​ជា​រៀងរាល់​ឆ្នាំ ហើយ​នៅឆ្នាំ​២០១៦-២០១៧ ជនជាតិ​អូស្រ្តាលី​ជាង ៣​លាន​នាក់ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាស៊ាន។ ទន្ទឹម​នឹងនេះ​មាននិស្សិត​ប្រមាណ ១០ម៉ឺន​នាក់ ពី​ប្រទេស​អាស៊ាន កំពុង​សិក្សា​ក្នុង​ប្រទេស​អូស្រ្តាលី។

នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ​ដែរ មេដឹកនាំ​អាស៊ាន-អូស្រ្តាលី​ បាន​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​បិទ​សន្និសីទ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ដែលក្នុង​នោះ មេដឹកនាំ​ អាស៊ាន-អូស្រ្តាលី បាន​ឯកភាព និង​ចុះ​អនុស្សារណៈ​រវាង​អាស៊ាន-អូស្រ្តាលី ស្តីពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។

នៅ​ចំពោះមុខ​មេដឹកនាំ​អាស៊ាន នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី បាន​ធ្វើការ​គូស​បញ្ជាក់ដែរ​ថា អូស្រ្តាលី​នឹង​ផ្តល់​កម្មវិធី​កសាង​សមត្ថភាព ដល់​ដៃគូ​អនុវត្ត​ច្បាប់​អាស៊ាន លើ​បច្ចេកវិទ្យា​ទប់ទល់​ឧក្រិដ្ឋកម្ម ដើម្បី​ជួយ​ក្នុងការ​ស្រាវជ្រាវ និង​កាត់ផ្តាច់​សកម្មភាព​ភេរវកម្ម។ ការ​រៀបចំ​សិក្ខា​សាលា​ អាស៊ាន-អូស្ត្រាលី ស្តីពី​ការ​ប្រើប្រាស់​ភស្តុតាង​អេឡិច​ត្រូនិច​ក្នុង​ភេរវកម្ម និង​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ឆ្លងដែន និងការ​ចោទ​ប្រកាន់។ ការ​រៀបចំ​សិក្ខា​សាលា​អាស៊ាន-អូស្រ្តាលី ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស ដើម្បី​សន្តិសុខ​តាម​ព្រំដែន (អន្តោ​ប្រវេសន៍ គ​យ ការ​អនុវត្ត​ច្បាប់ និង​ស៊ើប​ការណ៍)។

អូស្រ្តាលី នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ដៃគូ​អាស៊ាន ដើម្បី​តាក់តែង និង​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម ដែល​ស្រប​ជាមួយ​នឹង​ស្តង់ដារ​អន្តរជាតិ បង្កើត​កិច្ច​ពិភាក្សា និង​វេទិកា​ថ្នាក់​តំបន់​នានា​ជាមួយ​អាស៊ាន និង​ជាមួយ​ដៃគូ​អនុវត្ត​ច្បាប់​អូស្ត្រាលី ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំង ការ​គំរាម​កំហែង​ភេរវកម្ម​ពាក់ព័ន្ធ និង​ក្រុម​អាយ​ស៊ីល (ISIL-affiliated terrorists)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;