កូរ៉េ ផ្ដល់​ឲ្យ​កម្ពុជា ជាង​៦០លាន​ដុល្លារ សម្រាប់គម្រោង​១​នៅ​តាខ្មៅ

  • 2018-04-03 07:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​កូរ៉េ តាម​រយៈ​ធនាគារ​នីហរ័ណ-អាហរ័ណ​កូរ៉េ បាន​ផ្ដល់​ឥណទាន​សម្បទានឲ្យ​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ចំនួន​ជាង ៦០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។

ក្រុងតាខ្មៅ (រូបភាព៖ Takhmao Town ទីក្រុង តាខ្មៅ)
ការ​ផ្ដល់​ឥណទាន​សម្បទា​នេះ ត្រូវ​បាន​ប្រកាស​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ក្នុង​ក្រុង​តាខ្មៅ ក្រោម​អធិបតីភាព​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ជាមួយ​លោក CHANG Youn Soo ប្រធាន​ស្ថាន​តំណាង​មូលនិធិ សម្រាប់​កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៨​ នេះ​។

គម្រោង​នេះ មាន​ទិសដៅ​សាងសង់​រោងចក្រ​ចម្រោះ​ទឹក​កខ្វក់​មួយ​កន្លែង ដែល​មាន​សមត្ថភាព​ចម្រោះ​បាន ៧៦០០ ម៉ែត្រគូប/ថ្ងៃ រួម​មាន​អាង​ចម្រោះ​ទឹក​កខ្វក់​មួយ​ចំនួន ដោយ​ភ្ជាប់ទៅ​ស្ថានីយ​បូមទឹក​កខ្វក់​ចំនួន ១០ កន្លែង, ឡធំ​ស្ទាក់​កាក​សំណល់​ដែលភ្ជាប់​ដោយ​បំពង់​បង្ហូរ​កាក​សំណល់​មាន​ប្រវែង​សរុប ៥៥,៣៣ គ.ម (បំពង់បង្ហូរចែកចេញ​ជា​ពីរ​ប្រភេទៈ ប្រភេទ​ទី ១ ប្រវែងសរុប ៤៩,៣៣ គ.ម មាន​មុខកាត់​ពី ៣០០ ម.ម ទៅ ១២០០ ម.ម និង​បំពង់​បង្ហូរ​ប្រភេទ​ទី ២ ប្រវែង​សរុប ៦ គ.ម មានមុខកាត់ពី ១០០ ម.ម ទៅ ៤០០ ម.ម)។ ទន្ទឹមនេះ ក៏​មាន​ការងារ​ស្តារ​ព្រែក ប្រវែង​សរុប ១៦,២ គ.ម ដែល​ក្នុង​នោះ មាន​ការងារ​ស្តារ​ឡើងវិញ​នូវ​ស្ថានីយ៍បូមទឹកចាស់ និង​សាងសង់​ទ្វារ​ទឹកថ្មី​មួយ​កន្លែង​ ទំហំ ៥ ម x ៣ ម ផងដែរ ។

ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ក្នុង​ក្រុង​តាខ្មៅ

សូម​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ ជា​ការ​ផ្ដល់​ឥណទាន លើក​ទី​២១ ពី​រដ្ឋាភិបាល​កូរ៉េ ហើយ​គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ ​កូរ៉េ​បាន​ផ្ដល់​​ទឹកប្រាក់​សរុប​ចំនួន ៧៧៣ លាន​ដុល្លារ​អាមេរិក​ហើយ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;