កម្ពុជា កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​គ្រប់គ្រង និង​ផលិត​ប្រេងកាត

  • 2018-04-20 09:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រ៉ែ និង​ថាមពល រួម​ជាមួយ​ក្រសួង​បរិស្ថាន បាន​នឹង​កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី «ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិត​ប្រេងកាត» ក្នុងពេល​ដែល​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​ដំណក់​ប្រេងកាត​ជា​លើក​ដំបូង​នៅចុង​ឆ្នាំ​២០១៩។

ទីតាំងបូមប្រេង១កន្លែង របស់ក្រុមហ៊ុនសិង្ហបុរី KrisEnergy ដែលក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រេងកាត​នៅកម្ពុជា។ រូបថត៖ វិបសាយ Maritimeherald
កាល​ពីថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៨ ក្រសួង​ទាំង២​នេះ បាន​បើក​កិច្ចប្រជុំ​រួមគ្នា១ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​នេះ ដោយមាន​ការ​ចូលរួម​ពី​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល និង​លោក អ៊ាង សុផល្លែត អនុ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។

ក្រសួង​បរិស្ថាន បាន​ឲ្យដឹង​ថា សេចក្តី​ព្រាងច្បាប់​នេះ​ចែកចេញ​ជា​៩​ជំពូក និង ៧៣​មាត្រា មាន​គោល​បំណង​ជំរុញ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកប​ដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ផលប្រយោជន៍​យូរ​អង្វែង​របស់​ប្រទេស​ជាតិ។

គួរ​រម្លឹក​ថា កាលពី​ថ្ងៃទី២៣ ខែ​សីហា ឆ្នាំ​២០១៧ រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន KrisEnergy ក្នុងការ​អភិវឌ្ឍ​ប្រេងកាត​នៅប្លុកA។ កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផលិតកម្ម​លើកទី១​របស់​ខ្លួន គឺ​ជំហាន 1A និង 1B នៃ​ដំណាក់កាល​ទី១ របស់​ប្លុក A ដែល​មាន​ផ្ទៃក្រឡា ១៩៨​គីឡូម៉ែត្រ​ក្រឡា។ យោងតាម​ផែនការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន តំណក់​ប្រេង​ដំបូង​​នៅ​ជំហាន 1A នឹង​ផលិត​ប្រេង​ដំបូង នៅចុង​ឆ្នាំ ២០១៩ ឬ​ដើមឆ្នាំ​២០២០៕

អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;