ស្ពាន​ដែល​បន្សល់​ពី​សម័យ​អង្គរ​មួយ​កន្លែង ត្រូវ​បន្ត​ជួសជុល​ដោយ​ក្រសួង​វប្បធម៌

  • 2018-05-09 04:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: សហការ​ជាមួយ​មន្ត្រី មន្ទីរ​វប្បធម៌​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ២០១៨ នេះ បាន​ចាប់ផ្តើម​ជួសជុល ស្ពាន​បុរាណ​មួយ​កន្លែង នៅ​ដំណាក់កាល​ទី​៤​បន្ត ស្ថិតនៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ស្ពាន​ទ័ព នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ត្រូវបានជួសជុលដំណាក់កាលទី៤ (រូបថត៖ រស្មីកម្ពុជា)
​លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​: ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ថា ស្ពាន​បុរាណ​ដែល​ត្រូវ​ជួសជុល​នោះ​មាន​ឈ្មោះថា ស្ពាន​ទ័ព ឬ​អ្នកស្រុក​ខ្លះ ហៅថា ស្ពាន​អូរ​ជីក​។ ស្ពាន​នេះ បាន​កសាង​ឡើង នៅ​ក្នុង​ចន្លោះ​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣ នា​សម័យ​អង្គរ​។ ស្ពាន​នេះ មាន​បណ្តោយ​ប្រវែង ១៥១ ម៉ែត្រ ទទឹង​ប្រវែង ១៦,៨០ ម៉ែត្រ និង​មាន​កម្ពស់ គិត​ពី​បាត​ក្រោម ប្រវែង ១០ ​ម៉ែត្រ​។​
ខាងលើស្ពាន​ទ័ព ដែលកំពុងត្រូវបានជួសជុល (រូបថត៖ រស្មីកម្ពុជា)

​លោកស្រី ជាម ផល្លី មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​ជា​ប្រធាន​ការដ្ឋាន ជួសជុល​ស្ពាន​បុរាណ​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ជួលជុល​ស្ពាន​នេះ គឺ​ត្រូវ​ចំណាយ រយ​:​ពេល ៦ ខែ​។

លោកស្រី​​បន្ត​ថា ស្ពាន​ទ័ព​នេះ ក្រសួង​វប្បធម៌ និង​វិ​ចិត្ត​សិល្បៈ បាន​ចាប់ផ្តើម​អភិរក្ស និង​ជួសជុល​ ៣ ដំណាក់កាល​មក​ហើយ ដោយ​ដំណាក់កាល​ទី​១ នៅ​ឆ្នាំ​២០១៥ បាន​ជួស​ជុល​តួ​ស្ពាន​នៅ​ផ្នែក​ខាងលិច ដំណាក់កាល​ទី​ពី និង​ទី​បី នៅ​ក្នុង​ឆ្នាំ​២០១៦ ជួសជុល​នៅ​ផ្នែក​ខាងកើត រួម​សសរ​ស្ពាន និង​រៀបចំ​តួខ្លួន​នាគ ដាក់​តាំង​លើ​ស្ពាន​ផង​ដែរ​។ ហើយ​នៅ​ដំណាក់កាល​ទី​៤ នេះ លោកស្រី បញ្ជាក់​ថា នឹង​ធ្វើ​ការ​ជួសជុល កន្លែង​ទ្រុឌទ្រោម​ដទៃ​ទៀត​នៃ​ស្ពាន​នេះ ហើយ​ការ​ជួស​ជុល​បន្ត​នេះ គឺ​ត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ជាតិ។

ខាងក្រោមស្ពានទ័ព (រូបថត៖ រស្មីកម្ពុជា)

លោក ហុង យឿន ក៍​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ស្ថានីយ​បុរាណ សរុប​ចំនួន ២៦៧ កន្លែង ។ ស្ថានីយ​បុរាណ​ទាំងនោះ មាន​ដូចជា ទួល​ប្រាសាទ​, ទួល​បុរាណ​, គោក ឬ​ភូមិ​បុរាណ​, ស្ថានីយ​យក​ថ្ម ព្រមទាំង​ស្រះ​បុរាណ​។ គិត​មកដល់​ឆ្នាំ​២០១៨​នេះ សំណង់​បុរាណ​ទាំងនោះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: រួចរាល់​អស់ហើយ​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;