ក្រសួង​រ៉ែ បំភ្លឺ​ព័ត៌មាន​ទាក់ទង​ការ​រក​ឃើញ​រ៉ែ​មាស នៅ​ខេត្ត​ព្រះសីហនុ

  • 2018-05-18 07:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ ពី​ការ​រក​ឃើញ​រ៉ែ​មាស ដោយ​ក្រុមហ៊ុន​ចិន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាង ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ២០១៨​នេះ ក្រសួង​រ៉ែ និង​ថាមពល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​ថា ទីតាំង​នោះ គឺ​ជា​ការដ្ឋាន​កាយ​ដី​ជើង​ភ្នំ ដើម្បី​ពង្រាប​ទីតាំង និង​យក​អាចម៍​ដី​ចាក់​បំពេញ​នៅ​ក្នុង​ការដ្ឋាន​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាង​ប៉ុណ្ណោះ។

លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​អំឡុងសន្និបាត​បូកសរុបការងារ​ឆ្នាំ​២០១៧
ចំណែក​រ៉ែ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ មិនមែន​ជា​រ៉ែ​មាស​ដូចជា​ការ​លើក​ឡើង​ដោយ​ព័ត៌មាន​ចចាមអារ៉ាម​នោះ​ទេ ប៉ុន្ដែ​គី​ជា​ប្រភេទ​រ៉ែ​ពីរីត ដែល​ជា​បណ្ដុំ​នៃ​សមាសធាតុ​ដែក និង​ស្ពាន់ធ័រ ហើយ​មាន​ពណ៌​ភ្លឺផ្លេក លឿង ឬ​ស ស្រដៀង​នឹង​មាស (ខ្មែរ​ខ្លះ​ហៅ​ថា​មាស​ស្រួយ)។

ការ​បំភ្លឺ​ដូច្នេះ គឺ​ក្រោយ​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី៣ ខែ​ឧសភា ២០១៨ កន្លង​ទៅ បាន​បញ្ជូន​ក្រុម​បច្ចេកទេស​មួយ​ក្រុម សហការ​ជាមួយ​នឹង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ស្រុក​ព្រៃនប់ ចុះ​ទៅ​អង្កេត​សិក្សា​នៅ​ទីតាំង​ការដ្ឋាន​ដែល​ត្រូវ​ផ្សព្វផ្សាយ​ថា បាន​រកឃើញ​រ៉ែ​មាស។

ក្រសួង​រ៉ែ​បាន​បញ្ជាក់​ទៀត​ថា រ៉ែ​ពីរីត​ដែល​រក​ឃើញ​នៅ​ទីតាំង​ការដ្ឋាន​ជីក​ដី​ខាង​លើ​នេះ មាន​លក្ខណៈ​ស្រទាប់​ស្ដើង កម្រាស់​មិន​លើស​ពី ២​សង់ទីម៉ែត្រ នៅ​លាយ​ឡំ​ជាមួយ​ធ្យូងថ្ម និង​សិលាក្រៃ ដែល​ពុំ​មាន​សក្ដានុពល​សេដ្ឋកិច្ច និង​មាន​តម្លៃ​ជីក​យក​ធ្វើ​អាជីវកម្ម​នោះ​ទេ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;