ឆ្នេរ​អង្កោល កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ ក្នុងខេត្ត​កែប

  • 2018-08-13 05:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នេរ​អង្កោល ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បច្ចុប្បន្ន​បាន នឹង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏មាន​សោភ័ណភាព និងការ​ទាក់ទាញ​ដល់ ក្រុម​អ្នក​ទេសចរ មិន​អាច​មើល​រំលង​បាន​ឡើយ។ នេះបើតាមការ​ចុះផ្សាយ​របស់ AKP កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៨។

លោក​ ប៉ុក ទាង អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ឱ្យដឹង​​ថា បច្ចុប្បន្ន​ឆ្នេរ​អង្កោល​ ត្រូវបាន​ក្រុម​អ្នក​ទេសចរ កំពុង​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុមការងារ​បាន​បំផុស​ដល់ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ឱ្យ​យកចិត្ត​ទុកដាក់​លើ​ផ្នែក​បរិស្ថាន ពិសេស​ការ​ធ្វើ​អនាម័យ​ជា​ប្រចាំ។ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​លើ​កត្តា​អនាម័យ​ជា​ចម្បង ទើប​សំរាម និង​កាក​សំណល់ ផ្សេងៗ​ត្រូវបាន​ប្រមូល​ទុកដាក់​យ៉ាង​ត្រឹមត្រូវ។

ឆ្នេរអង្កោល ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប (រូបភាពផ្ដល់ឲ្យ ដោយលោក ង៉ុង ​សាន់)
លោកបាន​បន្ដ​ថា ឆ្នេរ​អង្កោល​ពិតជា​គោលដៅ​ទេសចរណ៍​មួយ​ប្រកប​ដោយ​ទេសភាព​ទាក់ទាញ​បំផុត​ដែលយើង​មិនអាច​មើល​រំលង ហើយ​លោក​សង្ឃឹម​ថា នៅពេល​ផ្លូវ​ប្រប​មាត់​សមុទ្រ​ ឆ្ពោះទៅកាន់​ឆ្នេរ​អង្កោល​ស្ថាបនា​បាន​រួចរាល់ ភ្ញៀវ​ច្បាស់​ជា​សម្រុក​ទៅ​លំហែ​កម្សាន្ត​នៅ​ទីនោះ​ភ្លូកទឹក​ភ្លូកដី​ជាក់ជា​មិនខាន។

សូម​បញ្ជាក់​ផងដែរ​ថា ដើម្បី​ទៅ​កាន់​​រមណីយដ្ឋាន​ឆ្នេរ​អង្កោល​ គឺ​​អ្នក​ទេសចរ​អាច​ធ្វើដំណើរ​​តាមផ្លូវ​មួយ​​ខ្សែ​ចេញពី​ឆ្នេរកែប ប្រ៉បតាម​ឆ្នេរសមុទ្រ​​ប្រវែង​ប្រមាណ ជិត​១០គីឡូម៉ែត្រ។ បច្ចុប្បន្ន​ផ្លូវនេះ ​ត្រូវបាន​អាជ្ញាធរ​ខេត្ដ​ស្ថាបនា​ជិត​រួចរាល់​ ដោយ​នៅសល់​ប្រមាណ​មួយ​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ នឹងត​ភ្ជាប់​ទៅដល់​ឆ្នេរ​អង្កោល​ហើយ៕

ឆ្នេរអង្កោល ថតពីលើអាកាស (រូបភាពផ្ដល់ឲ្យ ដោយលោក ង៉ុង ​សាន់)

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;