រក​ឃើញ​រូប​សំណាក​បុរាណ​មួយ នៅ​ខេត្ត​តាកែវ សង្ស័យ​មាន​អាយុកាល​ច្រើន​សតវត្ស

  • 2018-09-01 07:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​រសៀល​ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ​២០១៨ គ្រួសារ​មួយ​នៅ​ក្នុង​ស្រុក​ទ្រាំង ​​ខេត្ត​តាកែវ បាន​ប្រទះ​ឃើញ​រូប​សំណាក​បុរាណ​មួយ​នៅ​ពេល​ឈូស​ឆាយ​ដី​ក្រោយ​ផ្ទះ​របស់​ខ្លួន​សម្រាប់​ដាំ​ដំណាំ។ រូប​សំណាង​នេះ ត្រូវ​បាន​សង្ស័យ​ថា ​មាន​អាយុកាល​មិន​ក្រោម​ ១០០០​ឆ្នាំ​នោះ​ទេ។

សមត្ថកិច្ច​ យក​រូបសំណាក ដែលអ្នកភូមិរកឃើញ មករក្សាទុក (រូបថតពីទូរសព្ទ)
ម្ចាស់ដី​លោក ​ង៉ែត អូន និង អ្នកស្រី ចែម សាវេត ដែល​រស់នៅ​ក្នុង​ភូមិ​អូពោធិ ឃុំ​សំបួរ ស្រុក​ទ្រាំង​ប្រាប់​ថា ពួកគាត់​មាន​ដី​មួយ​កន្លែង​នៅ​ក្រោយ​ផ្ទះ​ដែល​កាលពី​មុន​ជា​ទីទួល​ ដែល​អ្នក​ខ្លះ​ថា​ជា​ទួល​បុរាណ និង​ធ្លាប់​មាន​ជន​មួយ​ចំនួន​មក​ជីក​រក​វត្ថុ​បុរាណ​ផង។ អ្នកស្រី ចែម សាវេត បន្ថែម​ថា​ ដី​នេះ​អ្នកស្រី​ឈូស​ឆាយ​កាប់​គាស់​ក្នុង​បំណង​ដាំដំណាំ ដោយ​មិន​បាន​ដឹង​ទេ​ថា​ មាន​រូបសំណាក​បុរាណ​នៅ​ក្នុង​ដី​នោះ បើ​ទោះ​បី​ជា​ធ្លាប់​មាន​អ្នក​ខ្លះ​មក​ជីក​រក​កាល​យូរ​ឆ្នាំ​មក​ហើយ​ក៏​ដោយ។

អ្នកស្រី​ និង​ស្វាមី​ថា ​ពួកគាត់​មិន​ដឹង​ថា​រូបសំណាក​នេះ​មាន​អាយុកាល​ប៉ុន្មាន ឬ​នៅ​សម័យ​កាលណា​នោះ​ទេ តែ​អ្នក​ភូមិ​ខ្លះ​ប្រាប់​អ្នក​ស្រី​ថា​ ជា​រូប​សំណាក​ព្រះនាង លីវយី នៅ​សតវត្ស​ទី​១។

​អ្នក​ស្រី ចែម សាវេត បន្ថែម​ថា គាត់​បាន​ប្រ​គល់​រូបសំណាក​នេះ ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​រក្សា​ទុកហើយ។

រូបសំណាក ដែលគេសង្ស័យថា មានអាយុកាលរាប់ពាន់ឆ្នាំ (រូបថតពីទូរសព្ទ)

ចំណែក​លោក នង ប៊ុនរី មេភូមិ​អូពោធិ មាន​ប្រសាសន៍​ថា ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ម្ចាស់ផ្ទះ​ ខាង​ប៉ូលិស​រដ្ឋបាល​ឃុំ​បាន​យក​រូបសំណាក​មក​រក្សា​ទុក​សិន ទម្រាំ​ដល់​ពេល​បញ្ជូន​ទៅ​សារមន្ទីរ​ខេត្ត។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថា​ រូបសំណាក​នេះ​មិន​ទាន់​មាន​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​ថា ជា​រូប​អ្វី​នៅ​ឡើយ​ទេ គ្រាន់តែ​ជា​ការ​អះអាង​តៗគ្នា​ប៉ុណ្ណោះ​ថា​ រូប​ព្រះ​នាង លីវ​យី​៕

ប្រភព៖ Sabay News អត្ថបទ៖ ជិន វេន

អត្ថបទថ្មី
;