អូស្រ្ដាលី គ្រោង​សាងសង់​មូលដ្ឋាន​កងទ័ព​នៅ​ប៉ាពូញូហ្គីណេ ដើម្បី​ទប់ទល់​នឹង​ចិន

  • 2018-09-20 07:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អូស្រ្ដាលី​កំពុង​រៀបចំ​សាងសង់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​ក្នុង​ប្រទេស​ប៉ាពូញូហ្គីណេ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។ នេះ​បើតាម​កាសែត The Australian ចេញផ្សាយ​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ២០១៨។

លោក Scott Morrison នាយករដ្ឋមន្រ្តី​អូស្រ្ដាលី/ រូបភាព៖ AFP
កាសែត​ដដែល​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​កង់បេរ៉ា​កំពុង​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​មូលដ្ឋាន​រួមគ្នា ដែល​ត្រូវ​សាងសង់​នៅ​លើ​កោះ Manus។ កាសែត​នេះ​បន្ថែម​ថា មន្រ្តី​យោធា​អូស្រ្ដាលី​ជាច្រើន​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក Lombrum លើ​កោះ Manus ដើម្បី​ពិនិត្យ​ពី​សក្ដានុពល​ការ​អភិវឌ្ឍ​ឡើង​វិញ។

"​ប៉ាស៊ីហ្វិក គឺ​ជា​តំបន់​អាទិភាព​ខ្ពស់​មួយ​នៃ​ផលប្រយោជន៍​យុទ្ធសាស្រ្ត​សន្ដិសុខ​ជាតិ​សម្រាប់​អូស្រ្ដាលី"។ នេះ​ជាការ​លើកឡើង​របស់​លោក Scott Morrison នាយករដ្ឋមន្រ្តី​អូស្រ្ដាលី កាលពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ២០១៨។ ប៉ុន្ដែ​លោក​នាយករដ្ឋមន្រ្តី​ពុំ​បាន​ធ្វើការ​អត្ថាធិប្បាយ​ណាមួយ​ស្ដី​ពី​បញ្ហា​សន្ដិសុខ​ជាតិ​នោះ​ទេ ដោយ​លោក​ថា​វា​មិន​សាកសម។

សូម​បញ្ជាក់​ថា ក្រុង​ប៉េកាំង​បាន​ចាក់​បញ្ចូល​លុយ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​កម្ចី​ហេដ្ឋារចនាសម្ព័ន ទៅ​កាន់​ប្រទេស​ដែល​ជា​កោះ​តូចៗ​ទូទាំង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ជា​តំបន់មួយ​ត្រូវ​បាន​ចាត់ទុក​ថា មាន​សារៈសំខាន់​ផ្នែក​យុទ្ធសាស្រ្ត ជា​ច្រក​នាវាចរណ៍​ទៅ​កាន់​អាស៊ី។

ចំណែក​អូស្រ្ដាលី​បាន​ព្រមាន​នយោបាយ​ស្រទន់​របស់​ចិន នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ហើយ​នៅ​ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ចរចា​កិច្ចព្រមព្រៀង​សន្ដិសុខ​ជាមួយ​ប្រទេស Vanuatu និង​សាងសង់​ខ្សែ​ទំនាក់ទំនង​ក្រោម​សមុទ្រ​ទៅ​កាន់​កោះ Solomon និង​ប៉ាពូញូហ្គីណេ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;