អង់គ្លេស គ្រោង​ផ្ដល់​ជំនួយ​អភិវឌ្ឍ​លើ​វិស័យ​សំខាន់​ៗ​៤ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

  • 2018-11-08 06:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ការ​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក គ្រីស ផូក (Chris Pook) បាន​ឲ្យដឹង​ថា ​ចក្រភពអង់គ្លេស​មាន​បំណង ផ្តល់​នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការ​អនុវត្ត​គម្រោង​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ការ​លើក​កម្ពស់​សុខុមាលភាព​សាធារណៈ និង​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​។

ការ​លើកឡើង​របស់​លោក គ្រីស ផូក ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ទីស្តីការ​ក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយលោក គ្រីស ផូក មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ការ​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (រូបថត៖ ក្រសួងពាណិជ្ជកម្ម)
មន្ត្រី​ជាន់ខ្ពស់​ចក្រ​ភព​អង់គ្លេស​រូបនេះ បាន​បន្ថែម​ទៀត​ថា ក្រៅពី​វិស័យ​អាទិភាព​ខាងលើ អង់គ្លេស​ក៏​មាន​បំណង​ចូលរួម​អភិវឌ្ឍ​ទីក្រុង​វ័យ​ឆ្លាត (Smart City) នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​តាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ។ ​បច្ចុប្បន្ន ​វិនិយោគិន​អង់គ្លេស​ជា​ច្រើន កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ មកកាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស ដើម្បី​គាំទ្រ​ការ​ធ្វើ​ប្រតិបត្តិការ​។

សូម​ជម្រាប​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​នោះ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា បាន​កើនឡើង​ពី​ទឹក​ប្រាក់ ៧៥២​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៤ ដល់​ទឹក​ប្រាក់ ១០១៤ លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៧។ ទន្ទឹម​គ្នា​នេះ ទឹកប្រាក់​វិនិយោគ​ពី​បរទេស (FDI) របស់​អង់គ្លេស មក​កម្ពុជា កាល​ពី​ឆ្នាំ២០១៧ មាន​ចំនួន ៥៥​លាន​ដុល្លារ ដែល​ធ្វើឲ្យ​អង់គ្លេស ស្ថិត​នៅ​តែ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ចំនួន​១០ ដែល​បាន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;