រកអន្ទង់បាន ២គីឡូក្រាមក្នុងមួយយប់ ដោយគ្រាន់តែប្រើឧបករណ៍ផលិតពីបំពង់ឫស្សី
- 2018-11-12 03:10:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកអន្ទង់បាន ២គីឡូក្រាមក្នុងមួយយប់ ដោយគ្រាន់តែប្រើឧបករណ៍ផលិតពីបំពង់ឫស្សី
ចន្លោះមិនឃើញ
"លាន់" ជាឧបករណ៍នេសាទបែបបុរាណមួយប្រភេទដែលកសិករតាមជនបទប្រើប្រាស់សម្រាប់ដាក់យកអន្ទង់ ជំនួសឲ្យការដើរជីករន្ធនៅតាមវាលស្រែ ឬតាមត្លុកត្រពាំងនានា។
ឧបករណ៍បែបសាមញ្ញនេះ ផលិតឡើងពីបំពង់ឫស្សី ប្រវែង ១,២ម៉ែត្រ ទៅ១,៤ម៉ែត្រ ដោយមានមាត់ប្រើសនៅចុងម្ខាង សម្រាប់បញ្ឆោតឲ្យអន្ទង់ចូលស៊ីចំណី។
អូសទូកបណ្តើរ សំឡឹងរកទីតាំងដាក់លាន់បណ្តើរ យុវជនរស់នៅខេត្តតាកែវម្នាក់ ដែលមានឈ្មោះថា អ៊ឺង ហៃ បានប្រាប់ថា ឧបករណ៍នេះងាយធ្វើ និងស្រួលប្រើបំផុតដោយថាគ្រាន់តែប្រើនុយក្តាម បុកលាយជាមួយដីដំបូកឲ្យម៉ត់ រួចដាក់ចូលតាមមាត់លាន់ទៅក្នុង និងបន្ទាប់មកយកទៅដាក់នៅតាមទីតាំងដែលជម្រៅទឹកពីកន្លះម៉ែត្រ ទៅមួយម៉ែត្រ។
ដោយប្រើប្រាស់លាន់ប្រមាណ ៣០ ប្អូនប្រុសអ៊ឹង ហៃ អាចនេសាទអន្ទង់បានប្រមាណជាង ២គីឡូក្រាមក្នុងមួយយប់ និងអាចលក់បានប្រាក់ពី ៤ទៅ៥ម៉ឺនរៀល។ ហៃបន្តថា៖ «អន្ទង់ឆ្នាំនេះសម្បូរ ហើយធំជាងឆ្នាំមុនៗ ព្រោះទឹកឡើងធំ ដូច្នេះសង្ឃឹមថាផលនេសាទនឹងបានកើនជាងឆ្នាំមុនៗដែរ»។
អ្នកភូមិផ្សេងទៀតក៏បានប្រកបរបរមួយនេះដែរ សូម្បីសិស្សសាលា ក៏ឆ្លៀតពេលទំនេរ ដើម្បីដាក់លាន់យកអន្ទង់លក់សម្រាប់ចំណាយថ្លៃសិក្សាដែរ៕