បុគ្គល៣រូប ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​ «យុទ្ធនាការ​ម្រាមដៃ​ស្អាត» យល់ព្រម​បង់ប្រាក់​ពិន័យ​ទៅ គ.ជ.ប ហើយ

  • 2019-01-18 09:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​មន្រ្តី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង ចំនួន ៣​រូប ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការរារាំង​ប្រជាពលរដ្ឋ​មិនឱ្យទៅបោះឆ្នោត ឬ​យុទ្ធនាការ​ម្រាម​ដៃស្អាត បាន​យល់ព្រម​បង់ប្រាក់​ពិន័យ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប) រួចរាល់​ហើយ។ នេះបើតាម​ការបញ្ជាក់​របស់​លោក សោម សូរីដា អគ្គលេខាធិការ​រង គ.ជ.ប នៅថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩​នេះ។

លោក សោម សូរីដា ថ្លែងទៅកាន់អ្នកកាសែតនាពេលកន្លងមក
បុគ្គល​ទាំង០៣​នាក់ រួម​មានៈ ១. លោក ជា ជីវ មាន​ទីលំនៅ​ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​ពិន័យ​ជាប្រាក់ ១០លាន​រៀល។ ២. លោក ថោង សារឿន មាន​ទីលំនៅ​ភូមិ-ឃុំ គាស់​ក្រឡ ស្រុកគាស់​ក្រឡ ខេត្ត​បាត់ដំបង ដោយ​ពិន័យ​ជាប្រាក់ ៥លាន​រៀល និង​៣. លោក គ្រុយ គឹមសាំង មាន​ទីលំនៅ​ស្រុកកំរៀង ខេត្ត​បាត់ដំបង ដោយ​ពិន័យ​ជាប្រាក់ ៥លាន​រៀល។

ការ​បង់ប្រាក់ពិន័យ​នេះ ធ្វើឡើង​តាមរយៈ​អ្នក​តំណាង​ម្នាក់ឈ្មោះ សួន ចំរើន មានទីលំនៅ​ក្នុងសង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ការ​យល់ព្រម​បង់ប្រាក់​នេះ ក៏​ធ្វើឡើង​ក្រោយ​ការ​ព្រមាន​របស់​ គ.ជ.ប ផងដែរ។

សូម​រំលឹក​ថា កាលពីថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ គ.ជ.ប បានបើក​សវនការ​ជំនុំជម្រះ​លើ​សំណុំ​រឿងលេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅខេត្ត​បាត់ដំបង ហើយបាន​សម្រេច​ឲ្យ​ឈ្មោះ ថោង សារឿន និង​ឈ្មោះ គ្រុយ គឹមសាំង ត្រូវបាន​ពិន័យ​ក្នុង​ម្នាក់ៗ ៥លាន​រៀល ដោយ​ពុំទាន់​គិតពី​ទោស​ព្រហ្មទណ្ឌ។ ចំណែក​ឈ្មោះ ជា ជីវ ដែលជា​មេដឹកនាំ ពិន័យ​១០លាន​រៀល។

បុគ្គលទាំង​បីនាក់​នេះ មិនសុខ​ចិត្តចំពោះ​ការសម្រេច​របស់ គ.ជ.ប ក៏បាន​ប្តឹងបន្ត​ទៅក្រុម​ប្រឹក្សាធម្មនុញ្ញ។ ហើយនៅ​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានចេញ​សេចក្តី​សម្រេច​បិទផ្លូវតវ៉ា ដោយ​តម្កល់​ការសម្រេច​របស់ គ.ជ.ប ទុកជា​បានការ​ដដែល។

សូម​ជម្រាប​ថា នៅក្នុង​រយៈកាល​នៃយុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ក្រុម​បុគ្គល​ខាងលើ​នេះ បាន​ធ្វើការ​បង្ហោះ​រូបភាព និងសារ​មួយចំនួន ដោយលើក​ម្រាមដៃ ក្នុង​ន័យ​បំផុស​បំផុល​មិនឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយគេ​ប្រើពាក្យ​មួយឃ្លា​ថា “យុទ្ធនាការ​ម្រាមដៃ​ស្អាត” មានន័យថា មិនចូលរួម​បោះឆ្នោត។

ក្រោយពី​មាន​យុទ្ធនាការ​ម្រាមដៃ​ស្អាត ក្នុង​គោលបំណង​រារាំង​មិនឲ្យ​ប្រជាពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ជាពលរដ្ឋខ្មែរ​បែបនេះ ទើប​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យប្តឹង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;