មេ​ប៉ូលិស​ខេត្ត​រតនគិរី​ថ្មី​ ប្ដេជ្ញា​បម្រើ​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​

  • 2019-02-12 06:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ដែល​ទើបតែ​តែង​តាំង​ថ្មី បាន​ប្តេជ្ញា​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត រាល់​ការ​ដាក់​ចេញ​នូវ​បទបញ្ជា​របស់​ថ្នាក់​លើ ជា​ពិសេស ធ្វើឲ្យ​ផ្ទៃក្នុង​អង្គភាព​កាន់តែ​មាន​ភាព​រឹងមាំ សំដៅ​ដល់​ការ​បម្រើ​ ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។

លោក​ឧត្ដមសេនីយ៍ទោ យិន ចំណាន (រូប៖ Facebook)
ការ​ប្ដេជ្ញា​របស់​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​ថ្មី​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ក្រោម​អធិបតី​ភាព​លោក​នាយ​ឧត្តមសេនីយ ខេង សុមេធ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និង​លោក ថង សាវុន អភិបាល​ខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។

លោក​ឧត្ដមសេនីយ៍ទោ យិន ចំណាន ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ជំនួស​លោក​ឧត្តម​សេនីយ៍ទោ ងួន គឿន ដែល​ត្រូវ​បាន​ចូល​និវត្តន៍។

មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​និង​តែងតាំង​មុខ​តំណែង មន្រ្តី​នគរបាល​ជាន់ខ្ពស់​ខាងលើ​ លោក​នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ បាន​ធ្វើការ​ព្រមាន​ដល់​មន្រ្តី​ក្រោម​ឱវាទ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើជា​មុខ​របរ​ឡើយ ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ពី​មហាជន​ទូទៅ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ និង​សេចក្តី​ថ្លៃថ្នូ វិន័យ​របស់​មន្រ្តី​នគរបាល ប្រសិនបើ​រក​ឃើញ​ថា​ មន្រ្តី​រូប​ណា​ប្រព្រឹត្ត​ទង្វើ​បែប​នេះ ត្រូវ​ទទួល​ទោស​ទៀត​ផង​។

ជាមួយគ្នា​នេះ​ដែរ លោក ថង សាវុន អភិបាល​ខេត្ត​រតនគិរី ក៏​បាន​ជំរុញ​ឲ្យ​មន្រ្តី​នគរបាល​គ្រប់​មូលដ្ឋាន​ទាំងអស់ ត្រូវ​បង្កើន​ការ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ត្រូវ​ធ្វើ​យ៉ាង​ណា​បន្ត​រួមគ្នា បំពេញ​ភារកិច្ច​ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រតនគិរី ឲ្យ​មាន​ភាព​កក់ក្តៅ ជាពិសេស​នោះ​ត្រូវ​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេង​ៗ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;