អង់គ្លេស ប្រកាស​បង្កើនទ័ព​នៅ​តំបន់​ទឹកកក ទប់ទល់​នឹង​សកម្មភាព​របស់​រុស្ស៊ី

  • 2019-02-18 08:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Gavin Williamson រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស បាន​ប្រកាស​កាល​ពីថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា អង់គ្លេស​នឹង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន នៅក្នុង​តំបន់​សមុទ្រ​ទឹកកក​អាកទិច ដើម្បី​ទប់ទល់​នឹង​សកម្មភាព​របស់​រុស្ស៊ី ក្នុង​តំបន់​នេះ។ ការ​ប្រកាស​ធ្វើឡើង​ក្នុងពេល​ដែល​លោកទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​ថ្មី​របស់​អង់គ្លេស នៅ​ភាគ​ខាងជើង​ប្រទេស​ន័រវេ។

លោកបញ្ជាក់ថា អង់គ្លេស​នឹងពង្រឹង​សមត្ថភាព​ជំនាញ​នៅក្នុង​លក្ខខណ្ឌ​អាកាស​ធាតុ​ក្រោមសូន្យ និង​តាម​រយៈការ​ស្វែងយល់ពីសម្ព័ន្ធមិត្ត​គឺប្រទេស​ន័រវេ ដែល​មាន​ជំនាញយោធាខ្ពស់​ក្នុងតំបន់ទឹកកកនេះ។ «យើងនឹងនៅតែបន្ត​ប្រយ័ត្នប្រយែង​ចំពោះ​ការ​វិវត្តថ្មីនេះ»។ ក្នុងនោះ​យន្តហោះ​ល្បាត​ P8 Poseidon នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ឃ្លាំមើល​​សកម្មភាព​នាវាមុជទឹក​របស់​រុស្ស៊ី ក្នុង​តំបន់​នេះ។

ជារៀងរាល់ឆ្នាំ ទ័ពជើងទឹក​អង់គ្លេស​ប្រមាណ​ជាង ១ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ន័រវេ ក្នុង​ពេល​ជាង ១០ឆ្នាំ​មក​នេះ ក្រោម​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង២។

លោក Gavin Williamson បន្ថែម​ថា យន្តហោះ P8 Poseidon ​ចំនួន៩គ្រឿង នឹង​ត្រូវបញ្ជូន​ទៅកាន់​មូលដ្ឋាន​ទ័ព​អាកាស​ Lossiemouth ក្នុងប្រទេស​ស្កុតលែន នៅឆ្នាំ​២០២០ ដើម្បី​ស៊ើបការ​នៅក្នុងតំបន់​សមុទ្រ​អាត្លង់ទិកខាងជើង និង​អាកទិច៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;