អតីត​ស្ថាបនិក Apple៖ រឿង​ស្មាតហ្វូន​បត់ Apple លែង​ដើរ​មុន​គេ​ទៀត​ហើយ

  • 2019-03-01 08:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Samsung និង Huawei បាន​បោះ​ជំហាន​លើ​ទីផ្សារ​ស្មាតហ្វូន​បត់​យ៉ាង​រហ័ស​បំផុត​នា​ដើម​ឆ្នាំ ២០១៩ នេះ ដោយ​ម៉ូឌែល Galaxy Fold និង Mate X ​ហាក់​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់។ តាម​ការ​យល់​ឃើញ​របស់​អតីត​ស្ថាបនិក​ក្រុមហ៊ុន​ផ្លែ​ប៉ោម​លោក Steve Wozniak ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា Apple អាច​នឹង​ត្រូវ​ដើរ​តាម​គន្លង​ក្រុមហ៊ុន​ទាំង​ពីរ។

មិត្ត​ជិតស្និទ្ធ​របស់ Steve Jobs រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​កន្លង​មក Apple ធ្លាប់​តែ​ដើរ​មុន​គេ​ លើ​បច្ចេកវិទ្យា Touch ID, Face ID និង​សូម្បី​តែ​ប្រព័ន្ធ​ទូទាត់​ទំនិញ Apple Pay ប៉ុន្តែ​ចូល​ដល់​ឆ្នាំ ២០១៩ គ្រប់​យ៉ាង​ក៏​មាន​ការ​ផ្លាស់ប្តូរ។

នា​កិច្ច​សម្ភាសន៍​ជាមួយ Bloomberg លោក Wozniak មាន​ប្រសាសន៍​ថា៖ "Apple លែង​ដើរ​មុន​គេ​ទៀត​ហើយ ជា​ពិសេស​ស្មាតហ្វូន​បត់​បាន ដែល​ជា​ហេតុ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ ព្រោះ​ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា​ថ្មី​នេះ​មែន"។ យ៉ាងណាមិញ​លោក​ក៏​សង្កត់​ធ្ងន់​ថា​ជា​ញឹកញយ Apple តែងតែ​មាន​អ្វី​ដែល​ភ្ញាក់ផ្អើល បែប​នេះ​ពួក​គេ​អាច​កំពុង​នឹង​សម្ងំ​អភិវឌ្ឍ​អ្វី​មួយ​ដែល​ប្លែក​ក៏​ថា​បាន។

រំឭក​ថា Galaxy Fold របស់ Samsung នឹង​ចាប់​លក់​ពី​ខែ​មេសា​ត​ទៅ ក្នុង​តម្លៃ ១ ៩៨០ ដុល្លារ ដោយ​មាន​អេក្រង់​ក្រប​មុខ ៤,៦ អ៊ីញ និង​អេក្រង់​ក្នុង ៧,៣ អ៊ីញ ខណៈ Huawei Mate X តម្លៃ ២ ៦០០ ដុល្លារ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;