ភាពយន្ត​ចិន ​រឿង «​ទេវតា​ការពារ​»​ ចំណាយ​ ១​,៥លាន​ដុល្លារ ចាប់​ផ្ដើម​ថត​នៅ​កម្ពុជា​

  • 2019-03-25 04:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែភាពយន្ត​ចិន រឿង​ «​ទេវតា​ការពារ​» បានចាប់ផ្តើម​ថត​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​២៥​ ខែមីនា ឆ្នាំ​២០១៩​។​ រឿងនេះនឹង​ចំណាយ​ថវិកា​ប្រមាណ​ ១,៥ លាន​ដុល្លារ​អាមេរិក និង​ថត​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​។​ នេះ​ជា​រឿង​ដំបូង​តំណាងឱ្យ «​ឆ្នាំ​វប្បធម៌​ទេសចរណ៍​រវាង​កម្ពុជា និង​ចិន​» និង​ជា​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​

សាច់រឿង «​ទេវតា​ការពារ​» បង្ហាញ​ពី​ទិដ្ឋភាព​នៅក្នុង​សង្គម​ចំពោះ​បញ្ហា​រឿង​ជួញដូរ​កុមារ ដោយ​រួម​ប​ញ្ចូល​ទាំង​ការប្រយុទ្ធ​ក្បាច់គុន​កុង​ហ៊្វូ​របស់​ចិន និង​ល្បុក្កតោ​របស់​ខ្មែរ បង្ហាញ​ពី​មនោសញ្ចេតនា​របស់​ឪពុក ភាពយុត្តិធម៌ និង​ភាព​អង់អាច​ក្លាហាន​ជាច្រើន ដែល​ឆ្លុះបញ្ចាំង​ឱ្យ​មហាជន​គ្រប់រូប​យកចិត្តទុកដាក់ និង​ចូលរួម​រួមគ្នា​បង្ក្រាប​ក្រុម​ជន​ទុច្ចរិត​ជួញដូរ​កុមារ​តូចៗ​ផងដែរ​។​

ខ្សែភាពយន្ត​រឿង «​ទេវតា​ការពារ​» ជា​ស្នាដៃ​និពន្ធ របស់​អ្នកនិពន្ធ​ចិន​ដ៏​ល្បីឈ្មោះ លោក កាវ យែ​ន​ ដែល​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង និង​ធ្លាប់​ទទួលបាន​ពានរង្វាន់​និពន្ធ​ឆ្នើម​ក្នុង​ការនិពន្ធ​រឿង Wolf Warrior2 និង Sky Hunter ជាដើម​។​

ក្នុង​ការថត​ខ្សែភាពយន្ត​រឿង «​ទេវតា​ការពារ​» នេះដែរ ក៏មាន​ការចូល​រួមសហកា​រ​ដោយ​ក្រុមហ៊ុន​ល្បីៗ ដូចជា​ក្រុមហ៊ុន ZHONGSHI SHANGYIN International Culture Media Co., Ltd, WEENANT PICTURE, THINK & DO Culture Development Co., Ltd និង UNICORN INTERNATIONAL UNITED Media Co., Ltd និង​មានការ​ចូលរួម​ពី​អ្នក​ផលិត​ខ្សែភាពយន្ត​រហូតដល់​៧​ប្រទេស និង​មាន​តួរសម្តែង​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា រហូតដល់​៩​ប្រទេស ក្រោម​ការដឹកនាំ​សម្តែង​ដោយ​លោក Jimmy Henderson ដែលជា​អ្នកដឹកនាំ​ថត​ប្លង់​ជួយសង្គ្រោះ​នៅក្រៅ​ប្រទេស​។​

នៅក្នុង​រឿងនេះ​ដែរ​ក៏មាន​ការចូលរួម​ពី​តារា​សម្តែង​ល្បីៗ​ជាច្រើនរូប​ដូចជា លោក GU SHANG WEI តារា​សម្តែង​រង្វាន់​មេដាយមាស​ លោក AN ZHI JIE តារា​សម្តែង​ក្បាច់គុន​ហុងកុង​ជើងចាស់ លោក ZENG ZHI WEI និង​លោក LI ZI XIONG រួមទាំង​មាន​តារា​សម្តែង​ជនជាតិខ្មែរ និង​តារា​សម្តែង​ជាច្រើនរូប​ផ្សេងទៀត​ផងដែរ​។​

​នៅក្នុង​ពិធី​សម្ពោធ​ដំណើរ​ការថត​ខ្សែភាពយន្ត​រឿង «​ទេវតា​ការពារ​» នៅ​ល្ងាច​ថ្ងៃទី​២៣​ ខែមីនា ឆ្នាំ​២០១៩​ នៅ​សណ្ឋាគារ​ហ័ង​សាន រាជធានី​ភ្នំពេញ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងថា​ លោក​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ភាគី​ចិនមក​ដាក់ទុន​វិនិយោគ​មកលើ​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា និង​បាន​មើលឃើញ​ពី​ទេសភាព ស្ថានភាព សម្បត្តិ​វប្បធម៌ និង​បេតិកភណ្ឌ ដ៏​សម្បូរបែប ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា រហូតដល់​បានជ្រើសរើស​ជាទី​កន្លែង​ថត​ខ្សែភាពយន្ត​ដ៏​ធំ​មួយ ។​

លោក​បាន​លើកឡើងថា​ នេះ​ជា​លទ្ធផល និង​ជា​ចំណងមិត្តភាព​ដ៏​យូរអង្វែង​របស់​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ដែល​ធ្វើយ៉ាងណា​ឱ្យ​ន​យោ​យ​បាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ របស់លោក​ប្រមុខ​រាជរដ្ឋាភិបាល​ចិន បានសម្រេច និង​បាន​ជោគជ័យ​ផងដែរ។​

លោក​រដ្ឋលេខាធិការ​បា​ន​បន្តទៀតថា​ នៅ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​តែងតែ​យល់ថា​ភាពយន្ត​ជា​ឧបករណ៍​ដើម្បី​ទាក់ទាញ​ផលប្រយោជន៍ខាង​វប្បធម៌​ និង​នយោបាយ​ ដូចនេះ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងអស់ តែងតែ​យកចិត្តទុកដាក់ និង​ជួយឧបត្ថម្ភ ដល់​ឧស្សាហកម្ម​នៃ​បណ្តា​ប្រទេស​របស់ខ្លួន​ឱ្យមាន​ភាពរុងរឿង​។ ចំពោះ​ប្រទេស​កម្ពុជា​រាជរដ្ឋាភិបាល​តែងតែបាន​ជំរុញ​ និង​ចាត់ទុក​ផលិតករ​ភាពយន្ត ជា​កម្លាំងចលករ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ភាពយន្ត​ផងដែរ​ដូចនេះ​ដើម្បីឱ្យ​រីកចំរើន​នៅក្នុង​វិស័យ​ភាពយន្ត​បាន ក្រសួង​វប្ប​ធ​ម៍​ក៏បាន​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ភាពយន្ត​នេះ មានការ​រីកចំរើន​ផងដែរ​។​

លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យដឹង​ដែរ​ថា ការផលិត​ភាពយន្ត​ដើម្បី​ឈានទៅរក​ការអភិវឌ្ឍ​បាន គឺ​យើង​ត្រូវមាន​ការសហការ​គ្នា​ក្នុងការ​ផលិត​រឿង ហើយ​ការផលិត​នេះ​មិន​ត្រឹមតែ​សហការគ្នា​តែ​ក្នុង​បច្ចេកទេស​នោះទេ គឺ​ត្រូវមាន​ទាំង​តារា​សម្តែង​លាយឡំ​គ្នា​ថែម​ទៀតផង ដើម្បី​អាចឈាន​ទៅដល់​ទីផ្សារ​អន្តរជាតិ​បាន ហើយ​ចំពោះ​ភាពយន្ត​រឿង​ «​ទេវតា​ការពារ​» ហើយ​មាន​សិល្បករ​ជាច្រើន​ប្រទេស​ចូលរួម​ថត​រឿងនេះ ដែល​នេះ​វា​ពិតជា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។​

លោក ជី​មមី ហេន​ឌឺ​សុន អ្នកដឹកនាំ​រឿង «​ទេវតា​ការពារ​» បានឱ្យដឹងថា​៖​រឿងនេះ នឹង​ចំណាយ​ ១​លាន​ដុល្លារ​កន្លះ ដើម្បី​ផលិត។​ ទីតាំង​ថត នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​ចំណាយពេល​ថត​រយៈពេល​ជាង​១​ខែ​។​ រឿងនេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​ជាពិសេស​ទីផ្សារ​ចិន​។​ ​ សូមជម្រាបថា ​លោក ជី​មមី ធ្លាប់បាន​ដឹកនាំ​រឿង Jail Break​ ដែល​ថត​នៅ​ស្រុក​ខ្មែរ និង​ចា​ក់បញ្ចាំង​នៅ​ប្រទេស​អាមេរិក ថៃ កូរ៉េ និង​ប្រទេស​មួយចំនួនទៀត​៕

ប្រភព៖ រស្មីកម្ពុជា អត្ថបទ៖ រស្មីកម្ពុជា

អត្ថបទថ្មី
;