អ៊ីស្រាអែល មិន​បោះបង់​ឡើយ! នាយករដ្ឋមន្រ្តី​ប្រកាស​បញ្ជូនយាន​អវកាស​ទៅឋាន​ព្រះចន្ទ​លើកទី២

  • 2019-04-14 13:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​សន្យា​កាលពី​ព្រឹក​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ​២០១៩​ថា រដ្ឋាភិបាល​របស់​លោក នឹង​បញ្ជូន​យានអវកាស​ចុះចត​នៅលើភព​ព្រះចន្ទជាលើកទី២ បន្ទាប់ពី​លើកទី១​ បាន​ទទួល​រង​ការ​បរាជ័យ។

ថ្លែងក្នុងកិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​គ្រោង​បាញ់បង្ហោះ Beresheet 2។ រដ្ឋអ៊ីស្រាអែល ដែល​ចូលរួម​ក្នុងការបាញ់បង្ហោះ​លើកទី១ នឹង​ត្រូវធ្វើ​ម្តង​ទៀត។ ខ្ញុំ​សង្ឃឹម​ថា លើកនេះ យើង​នឹង​ទទួល​បាន​ជោគជ័យ»។

រូប​ភពព្រះចន្ទ​ដែលយាន Beresheet ថតបាន​ មុនពេលធ្លាក់
សូម​រំលឹក​ថា កាលពីថ្ងៃទី១២ ខែមេសា​កន្លងទៅ យានអវកាស​របស់​អ៊ីស្រាអែល ឈ្មោះ Beresheet បាន​ធ្លាក់​លើ​ភព​ព្រះចន្ទ ដោយ​សារ​បញ្ហា​បច្ចេកទេស​​គ្រឿង​ម៉ាស៊ីន ក្នុង​អំឡុង​ពេល​ព្យាយាម​ចុះ​ចត​លើ​ផ្ទៃដី​ភពនេះ។ ការ​បរាជ័យ​នេះ គឺ​មិន​អាច​ធ្វើឱ្យ​អ៊ីស្រាអែល ក្លាយ​ជា​ប្រទេស​ទី៤ ដែល​បញ្ជូន​យានអវកាស​ទៅកាន់​ភព​នេះ​បានឡើយ បន្ទាប់ពី​អាមេរិក រុស្ស៊ី (អតីត​សហភាព​សូវៀត) និង​ចិន។

ការ​បង្កើត​យាន​អវកាស​នេះ គឺក្រោម​កិច្ច​សហការ​រួមគ្នា​រវាង​ក្រុមហ៊ុន​ឯកជន SpaceIL និង​ក្រុមហ៊ុន​រដ្ឋ Israel Aerospace Industries ប៉ុន្តែ​ក្រុមហ៊ុន SpaceIL គឺជា​ផ្តល់​មូលនិធិ​ស្ទើរតែ​ទាំងស្រុង។

លោក Morris Kahn ស្ថាបនិក​ក្រុមហ៊ុន SpacelL បាន​ប្រកាសកាលពី​ថ្ងៃសៅរ៍​ថា ការ​រៀបចំ​បេសកកម្ម​បាញ់បង្ហោះ​ទៅភព​ព្រះចន្ទ​ជាលើកទី២ នឹង​ចាប់ផ្តើម​នៅចុងសប្តាហ៍​ខាងមុខនេះ ដោយយាន Beresheet 2 នឹង​ព្យាយាម​ធ្វើឱ្យ​បាន​សម្រេច ពោលគឺ​មិន​ឱ្យ​មាន​បញ្ហា​គ្រឿងម៉ាស៊ីន​ដូចមុន​ទៀតឡើយ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;