ចិន បង្ហាញ​មហិច្ឆតា​ទៅ​ហួស​ពី​ភព​ព្រះចន្ទ​ទៀត

  • 2019-04-18 06:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ចិន បាន​ទទួល​ជោគជ័យ​ក្នុងការ​ទៅដល់​ភពព្រះចន្ទ​កាលពី​ពេលថ្មីៗ​នេះ ភ្នាក់ងារ​អវកាស​ចិន ក៏បាន​បង្ហាញ​មហិច្ឆតា​ទៅកាន់​ភព​ផ្សេង​ទៀត ដែលនៅឆ្ងាយពីផែនដី​ផងដែរ ក្នុងនោះ​គឺ​ភព​អង្គារ និង​ព្រហស្បតិ៍ (​ភព​ជូពិទ័រ)​ជាដើម។

លោក Ye Peijian អ្នក​ជំនាញ​អវកាស​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​យាន​អវកាស​ភព​ព្រះចន្ទ និង​ព្រះចន្ទ ប្រទេស​ចិន បាន​ថ្លែង​ក្នុងវេទិកា​មួយ​កាលពី​សប្តាហ៍មុន​ថា ចិននឹង​បាញ់​បង្ហោះ​យានអវកាស​ Chang'e-5 តាមរយៈ​គ្រាប់​រ៉ុកកែត Long March-5 ដែល​យាននេះ នឹង​ប្រមូល​គំរូ​នានា​ពី​ភព​ព្រចន្ទ មកកាន់​ផែនដី។ បន្ថែម​ពីនេះ ចិន នឹង​មាន​ផែនការ​អនុវត្ត​បេសកកម្ម​ដូចគ្នានេះ ទៅកាន់​ភព​អង្គារ ហើយក៏នឹង​បញ្ជូន​ទៅកាន់​ភព​ជូពិទ័រ ទៅ​ថ្ងៃអនាគត​ផងដែរ។

សូម​រំលឹក​ថា កាលពីខែ​មករា​កន្លងទៅ ចិន​បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​មួយឈ្មោះ Chang'e-4 នៅ​លើ​ផ្នែកម្ខាង​ទៀត​នៃ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើល​ឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់)។

លោក Sun Zezhou ប្រធាន​ស្ថាបត្យ​កម្ម​សម្រាប់​យាន Chang'e-4 បាន​ឱ្យដឹងថា បេសកកម្ម Chang'e-5 នឹង​ត្រូវបាញ់​បង្ហោះ​នៅត្រឹមចុងឆ្នាំ​២០១៩ ហើយ​ចិន​នឹង​បន្ត​ការ​អភិវឌ្ឍ​ស្រាវជ្រាវសម្រាប់​បេសកកម្ម​បន្ថែម ដោយ​រួមមាន​ទាំង​ការ​រុករកនៅ​តំបន់​ប៉ូល​របស់​ភព​ព្រះចន្ទ ដើម្បី​បើកផ្លូវ​សម្រាប់​សាងសង់​ស្ថានីយ​ស្រាវជ្រាវ១ នៅ​លើភព​នោះ។

លោក​ Sun បន្ត​ថា​ចំពោះ​កម្មវិធី​បញ្ជូន​យាន​ទៅ​ភព​អង្គារ គឺ​កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​លោក​រំពឹង​ថា បេសកកម្ម​នេះ នឹង​អាច​បាញ់បង្ហោះ​នៅ​ឆ្នាំក្រោយ។ «យើង​ចង់ចុះចត​លើ​ភព​អង្គារ​ត្រឹមឆ្នាំ​២០២១ ដោយ​សុវត្ថិភាព»៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;