រាជរដ្ឋាភិបាល តែងតាំងអភិបាលខណ្ឌបឹងកេងកង និងខណ្ឌកំបូល
- 2019-04-20 14:50:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាល តែងតាំងអភិបាលខណ្ឌបឹងកេងកង និងខណ្ឌកំបូល
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំងអភិបាល នៃគណៈអភិបាលខណ្ឌថ្មីទាំង២ របស់រាជធានីភ្នំពេញ ពោលគឺតែងតាំងលោក ធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង និងលោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌកំបូល។ នេះបើយោងតាមអនុក្រឹត្យ ចុះហត្ថលេខាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដោយសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន។
សូមជម្រាបថា លោកធឹម សំអាង ជាអតីតអភិបាលរងខណ្ឌទួលគោក ចំណែកលោកឃឹម ស៊ុនសូដា ជាអតីតអភិបាលរងខណ្ឌពោធិសែនជ័យ។
ក្រៅពីតែងតាំងអភិបាលខណ្ឌថ្មីទាំង២ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យតែងតាំងអភិបាលខណ្ឌចំការមនថ្មីផងដែរ ពោលគឺតែងតាំងលោកថេង សុថុល ជាអភិបាលខណ្ឌចំការមន ជំនួសលោកព្រុំ សំខាន់ ដែលត្រូវផ្ទេរទៅបម្រើការងារនៅសាលារាជធានីភ្នំពេញវិញ។ លោក ថេង សុថុល ជាអតីតអភិបាលរងខណ្ឌច្បារអំពៅ។
គួររំលឹកផងដែរថា ខណ្ឌបឹងកេងកង និងខណ្ឌកំបូល ជាខណ្ឌថ្មីរបស់រាជធានីភ្នំពេញ ដែលទើបបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ អនុក្រឹត្យនោះ បញ្ជាក់ថា ខណ្ឌបឹងកេងកង ត្រូវបានបង្កើតឡើង ដោយកាត់យកសង្កាត់ចំនួន ៧ ពីខណ្ឌចំការមន ដែលរួមមាន សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិច សង្កាត់ទំនប់ទឹក សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២។ ចំណែកខណ្ឌកំបូល ត្រូវកាត់យកសង្កាត់ចំនួន ៦ ពីខណ្ឌពោធិ៍សែនជ័យ គឺសង្កាត់កំបូល សង្កាត់កន្ធោក សង្កាត់ឱឡោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់១សង្កាត់ទៀតពីខណ្ឌដង្កោ គឺសង្កាត់ប្រទះឡាង៕