នាយក​រដ្ឋមន្រ្តី​វៀតណាម បង្ហាញ​ភាព​មិន​សប្បាយ​ចិត្ត​ទៅកាន់​​លោក លី ស៊ានឡុង ក្នុង​ជំនួប​ពិភាក្សា​គ្នាមួយ

  • 2019-06-25 03:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ង្វៀន សួនហ៊ុក នាយក​រដ្ឋមន្រ្តី​វៀតណាម បាន​បង្ហាញ​ភាព​មិន​សប្បាយ​ចិត្ត និង​រិះគន់​លោក លី ស៊ានឡុង នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ក្នុង​ជំនួប​ពិភាក្សាគ្នា​នៅក្រៅ​កិច្ច​ប្រជុំកំពូល​អាស៊ាន នៅក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​២០១៩ ជុំវិញ​រឿង​ដែល​លោក លី ស៊ានឡុង ចោទថា វៀតណាម បាន​ចូល​ឈ្លានពាន​កម្ពុជា ដើម្បី​ប្រយុទ្ធនឹង​កងទ័ពខ្មែរក្រហម កាលពី​ចុង​ទសវត្សរ៍ទី៧០ និង ៨០។ នេះ​បើ​តាមការ​ចុះផ្សាយ​របស់ Vietnam Express កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ Vietnam Express Agency
លោក ង្វៀន សួនហ្វុក បាន​អះអាង​ថា ការ​លើកឡើង​របស់​លោក លី ស៊ានឡុង គឺ​មិនត្រឹមត្រូវ​ឡើយ ហើយក៏​ជាការ​ប្រមាថ​ដល់​វៀតណាម និង​កម្ពុជា​ទៀតផង។

នាយករដ្ឋមន្រ្តី​វៀតណាម​រូបនេះ លើកឡើង​ថា ការវិនិច្ឆ័យ​បែបនេះ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់វៀតណាម និងកម្ពុជា ជាពិសេស​ក្រុមគ្រួសារនៃកងទ័ពស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់ ដែលបានបូជាជីវិត​ ក្នុងការ​ជួយ​ប្រជាជន​កម្ពុជា ដើម្បី​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម និង​ការជួយកសាងប្រទេសកម្ពុជាឡើយវិញ។

សូម​រំលឹកថា លោក លី ស៊ានឡុង បានបង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពីចុងខែ​ឧសភា​កន្លងទៅ​ដែលជា​សារ​រំលែកទុក្ខ​ផ្ញើទៅកាន់​រដ្ឋាភិបាល​ថៃ ចំពោះ​មរណភាព​របស់​អតីតនាយករដ្ឋមន្រ្តី​ថៃ លោក Prem Tinsulanonda ដោយ​លើកឡើង​អំពី៖ «តួនាទី​របស់​អតីត​នាយក​រដ្ឋ​ថៃ​រូប​នេះ ​ក្នុង​ការ​ការពារ​សន្តិសុខ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​សន្តិសុខ​របស់​សមាជិក​អាស៊ាន​ទាំង​៥ នៅ​ពេល​នោះ​ ដោយ​ទប់ទល់ការ​វាតទី​របស់​ប្រទេសកុម្មុយ​និស្ត​វៀតណាម​ ដែល​បាន​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្នុង​របប​ខ្មែរក្រហម ​ហើយ​ដែល​ការណ៍​នេះ បានរារាំង​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ថ្មី​ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម​នៅ​ពេល​នោះ»។

ទោះជាយ៉ាងណាក៏ដោយ ក្នុងជំនួបខាងលើនេះ នាយករដ្ឋមន្រ្តី​ទាំង២ បានស្វែងយល់ពីគ្នាកាន់តែប្រសើរឡើង ហើយ​ឯកភាពបន្ត​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគីលើ​គ្រប់វិស័យ​ទាំងអស់៕

អត្ថបទ​ទាក់ទង

-លោក លី ស៊ានឡុង បង្ហោះ​រូប​​ថត​ជាមួយ​សម្តេច ហ៊ុន សែន ក្នុង​ជំនួប​ពិភាក្សា​លើ​បញ្ហា​ប្រវត្តិសាស្រ្ត​នៅ​កម្ពុជា

-ទំនាក់​ទំនង​រវាង​សម្តេច ហ៊ុន សែន និង​លោក លី ស៊ានឡុង ជួប​សុបិន្ត​អាក្រក់​មួយភ្លែត

-វៀតណាម និង​កម្ពុជា ប្រតិកម្ម​នឹង​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ដែល​ថា «​វៀតណាម​ឈ្លានពាន​ចូល​កម្ពុជា»

-សម្តេច ហ៊ុន សែន ហៅការ​លើកឡើង​របស់​នាយករដ្ឋមន្រ្តី​សិង្ហបុរី ជា​ការ​ប្រមាថ​កងទ័ព​វៀតណាម និងប្រឆាំង​ការ​រស់រាន​របស់​​ប្រជាជន​ខ្មែរ

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;