សម្តេច ហ៊ុន សែន ​លើកឡើង​ពី​បញ្ហា​កង្វល់​ទៅកាន់​ប្រធាន​អង្គការ IFAD

  • 2019-07-26 06:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួប​ជាមួយ​លោក Gilbert Houngbo ប្រធាន​អង្គការ IFAD នា​ព្រឹកថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩ ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​លើកឡើង​អំពី​បញ្ហា​កង្វល់​២ចំណុចលើ​វិស័យ​កសិកម្ម គឺទី១ ផលិត​កម្ម និង​ទី២ បរិមាណ​នៃការ​នាំចេញ​ដែល​សំដៅ​លើ​ទីផ្សារ​តែម្តង។

សម្តេច​បាន​ថ្លែងថា ចំពោះ​គម្រោង​នៃការ​នាំអង្ករ​ចេញ​កន្លងទៅនេះ​គឺមាន​ចំនួន ១លាន​តោន។ ប៉ុន្តែកម្ពុជា​ធ្វើមិនបាន​ទទួលជោគជ័យ​ទេ គឺជោគជ័យ​បានតែ ៥០% ប៉ុណ្ណោះ ។ ពិតណាស់ ចំពោះ​ការផលិតស្រូវ​គឺមាន​ការកើនឡើង​តាមគោលដៅ​មែន ប៉ុន្តែ​ការនាំចេញ​ គឺពុំទាន់​បានទទួលជោគជ័យ​នៅឡើយ។ ក្នុងន័យ​នេះ កត្តាមិន​ជោគជ័យ គឺមូលហេតុមក​ពី ទី១ បណ្ដាប្រទេស​នៅក្នុងតំបន់​អាស៊ាន គឺមាន​ផលិតស្រូវអង្ករ​ដើម្បីនាំចេញ​ដូចគ្នាដែរ និង​ទី២ ការផលិត​របស់កម្ពុជា​គឺនៅមាន​តម្លៃខ្ពស់​នៅឡើយ។

ទន្ទឹមនឹង​នេះ សម្តេច​តេជោ បានស្នើសុំឲ្យ​អង្គការ IFAD ជួយ​ពិនិត្យមើល និងចែករំលែក​នូវបទ​ពិសោធន៍​ដែល​មាន និងការ​ស្រាវជ្រាវ ដើម្បីជួយដល់​កម្ពុជា។ ការបារម្ភ​ដទៃទៀត រួមមាន​ការកើនឡើង​របស់​ប្រជាជន​កម្ពុជា ដែលតម្រូវការ​លើទំហំដី​សម្រាប់​ធ្វើកសិកម្ម​កាន់តែ​ច្រើនឡើង។ ក្នុងន័យ​នេះ សម្តេច​បានជម្រាប​ជូនគណៈប្រតិភូ​ថា កម្ពុជា​កំពុងតែធ្វើយ៉ាងណា​ឲ្យ​ប្រជា​កសិករ ធ្វើការ​ដាំដុះ​នៅលើ​ទីតាំងដី​​ដែលសមស្រប​នឹងដំណាំ​កសិកម្ម​នីមួយៗ​ដែលអាច​ទទួលបាន​ផលច្រើន និងជំរុញ​ការអនុវត្ត​ប្រពលវប្បកម្ម​នោះ​សោត​ គឺជំរុញ​ការដាំដុះ​ដើម្បីឲ្យ​បានទទួល​ផល​ច្រើននៅលើ​ផ្ទៃដី​ដែលមាន​ស្រាប់ ដោយ​ពុំចាំ​បាច់​ធ្វើការ​ពង្រីក​ផ្ទៃដី​ឡើយ។

ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​លើកឡើង​អំពី​ការ​កង្វល់​របស់​កម្ពុជា​លើបញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែលតម្រូវ​ឲ្យមានការ​សិក្សាស្រាវជ្រាវ​ដើម្បីធ្វើយ៉ាងណា​ ឲ្យមាន​ពូជដែល​អាចបន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​បាន ព្រោះ​តំបន់មួយ​ចំនួន​នៅកម្ពុជា​ គឺមាន​កម្តៅ​ឡើងជាង ៤២អង្សារ​ហើយ ដែលអាច​បំផ្លាញ​ដំណាំ​ស្រូវបាន។

ក្នុង​ជំនួបនេះ លោក Gilbert Houngbo បាន​បញ្ជាក់​ថា លោកធ្លាប់​បានមក​ប្រទេសកម្ពុជា​កាលពីប៉ុន្មានឆ្នាំ​មុន ប៉ុន្តែ​ពេលនេះ គឺបាន​ឃើញ​កម្ពុជាមាន​ការរីកចម្រើន​ខុសគ្នាប្លែក​ខ្លាំង​មែនទែន ដែលធ្វើឱ្យ​លោកមាន​ចំណាប់អារម្មណ៍​ និង​គោរព​នូវវីរភាព​ដឹកនាំ​របស់​សម្តេច។

ក្នុងឱកាសនេះ​ដែរ លោក Gilbert បាន​គោរពស្នើសុំ​សម្ដេចតេជោ ដើម្បីស្វែងយល់​អំពីស្ថានភាព​នៃវិស័យ​កសិកម្ម​នៅកម្ពុជា ព្រោះស្អែកនេះ​លោកនឹង​អញ្ជើញទៅ​ខេត្តកណ្ដាល ដើម្បីពិនិត្យ​មើលស្ថានភាព​កសិកម្ម​នៅទីនោះ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;