ក្រសួង​ធនធាន​ទឹក ប្រាប់​ពី​ការ​កើន​ឡើងកម្ពស់​ទឹក​ទន្លេ​មេគង្គ​ចាប់​ពី​ថ្ងៃ​នេះ

  • 2019-08-21 06:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​ពី​ការ​កើន​កម្ពស់​ទឹក​ទន្លេ​មេគង្គ ដែល​បណ្ដាល​មក​ពី ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២០ សីហា កន្លង​មក និង​កំពុង​អូស​កាត់​លើ​អាង​ទន្លេ​មេគង្គ ចាប់​ពី​ប្រទេស​វៀតណាម ដល់​ប្រទេស​មីយ៉ាន់ម៉ា។ ប្រព័ន្ធ​សម្ពាធ​ទាបនេះ នឹង​បន្ត​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​ឡាវ ថៃ និង​កម្ពុជា​ផង​ដែរ ពិសេស​តំបន់​ខ្ពង់​រាប​ភាគ​ឦសាន តំបន់​រង់​ទឺក​ភ្លៀង​នៃ​ទន្លេ​សេកុង សេសាន និង​ទន្លេ​ស្រែ​ពក ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ចាប់​ពី​ថ្ងៃ​ទី ២១ សីហា នេះ​ទៅ។

ការ​ធ្លាក់​ភ្លៀង​នេះ នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​កើន​ឡើង​ជា​បន្ត​បន្ទាប់ មាន​៖

  • ស្ថានីយ​ជលសាស្ត្រ​ស្ទឹង​ត្រែង ទឹក​អាច​កើន​ដល់​កម្ពស់ ៨,៥០ ទៅ​ទាប​ជាង​កម្រិត​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន (កម្ពស់​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ)។

  • ស្ថានីយ​ជលសាស្ត្រ​ក្រចេះ ទឹក​អាច​កើន​ដល់​កម្ពស់ ១៨,៥០ ទៅ​ទាប​ជាង​កម្រិត​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន (កម្ពស់​ប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ)​​​។

  • ស្ថានីយ​ជលសាស្ត្រ​កំពង់ចាម ទឹក​អាច​កើន​ដល់​កម្ពស់ ១០,០០ ទៅ​ទាប​ជាង​កម្រិត​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន (កម្ពស់​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ)។

  • រីឯ​ទន្លេ​មេគង្គ​ក្រោម ទន្លេ​សាប ទន្លេ​បាសាក់ ទឹក​បន្ត​កើន​ឡើង​ជាបន្តបន្ទាប់។

ការ​កើន​ឡើង​ទឹក​ទន្លេ​នេះ អាច​ចាត់​ចូល​ជា​ការ​ហក់​ឡើង​អតិបរមា​លើក​ទី ១។ ជា​ទូ​ទៅ​​ទឹក​ទន្លេ​មេគង្គ តែង​ហក់​ឡើង ២​ដង់​ក្នុង​មួយ​ឆ្នាំ ដែល​ហៅ​ថា អតិបរមា​លើក​ទី ១ និង​អតិបរមា​លើក​ទី ២។

ដូច​នេះ​សូម​ក្រសួង​ ស្ថាប័ន អាជ្ញា​ធរ ដែន​ដី​ពាក់​ព័ន្ធ ពិសេស​ប្រជា​កសិករ​ដែល​រស់​នៅ​អម​តាម​ដង​ទន្លេ​ទាំង​អស់​រួស​រាន់​ប្រមូល​កសិផល និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ផ្សេងៗ៕

​​

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;