កម្ពុជា បើក​ជំនួប​ពាណិជ្ជកម្ម​ដើម្បី​ពង្រីក​ការ​ចាប់​ដៃ​គូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី

  • 2019-12-18 02:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឈួន ដារ៉ា រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញចូលរួមបើក “ជំនួបពាណិជ្ជកម្ម (Business Matching)” ដែល​មាន​ការ​រៀប​ចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម បានអញ្ជើញពាណិជ្ជករប្រទេសចិននៃខេត្តគួងស៊ី (៥៧ក្រុមហ៊ុន) ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ចូលរួមក្នុងកម្មវិធីនេះ។ ជំនួប​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១៦ ខែធ្នូ ឆ្នាំ២០១៩។

គោល​បំណងនៃកិច្ចជំនួបនេះ ដើម្បីធ្វើការផ្សព្វផ្សាយពីការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា ចែក​ជូន​ដល់​អ្នក​ចូលរួម ព្រមទាំងធ្វើការផ្សព្វផ្សាយផលិតផលកម្ពុជា ដោយ​មាន​អ្នក​ចូល​រួម​សរុប​ប្រមាណ​ជាង ១៤៨នាក់។ ក្នុង​ជំនួបនេះ​ដែរ រដ្ឋលេខាធិការ បានឡើង​ថា ដើម្បី​ចែក​ជូនដល់វិនិយោគិន និង​ធុរជន អំពីសក្តានុពលនៃការអភិវឌ្ឍកម្ពុជា ដែលមានអត្រាកំណើនសេដ្ឋកិច្ច ៧,៧ភាគរយ យោង​តាម​របាយការណ៍របស់ធនាគារពិភពលោក (World Bank) ដោយ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃតំបន់អាស៊ាន បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជូន​ដល់​អ្នក​វិនិយោគ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​នាំ​ចេញ-នាំចូល។

រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ និងខិតខំប្រឹងប្រែងផ្តល់ឱកាសដល់វិនិយោគគិននៅកម្ពុជា លើ​ការ​លើក​លែង​ពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូល​ផលិតផល​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដូច​ជា សហភាពអ៊ឺរ៉ុប ជប៉ុន កូរ៉េ កាណាដា និងអាមេរិកជាដើម។ កម្ពុជា​បាន​សម្រួល​ជូន​ពាណិជ្ជករ​បរទេស​នូវ​ការវិនិយោគ សម្រាប់ការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការ​អនុ​គ្រោះ​ពន្ធ​លើ​ការ​បង់​ពន្ធអប្បបរិមា ពន្ធលើប្រាក់ចំនេញមិនលើសពី២០% អ្នក​វិនិយោគ​អាច​បង្វិល​ទុន​មាន​ភាព​ងាយ​ស្រួល និងមានដើមទុនរបស់ខ្លួន១០០%។

លោក​ក៏បានបន្ថែមទៀតថា កម្ពុជាជាទិសដៅសម្រាប់ពាណិជ្ជករមកវិនិយោគ ក្នុង​ការ​នាំ​ចេញ​ផលិតផល​ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ដោយ​កម្ពុជាបានចូលរួមចរចាក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ នៅឆ្នាំ២០១២ ជា​មួយ​នឹងអាស៊ានបូកប្រទេសទាំង០៦ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។

លោក សង្ឃឹមថា ការរៀបចំឱ្យមានកិច្ចជំនួបនាថ្ងៃនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា បាន​ជួប​ជា​មួយពាណិជ្ជករចិន ថៃ និងឥណ្ឌូនេស៊ី ដើម្បីធ្វើការសិក្សាស្វែងយល់ ព្រម​ទាំង​ពង្រឹង​នូវ​ខ្សែ​សង្វាក់​ផលិតកម្ម ការចាប់ដៃគូរកស៊ី និងនាំចេញ-នាំចូលរវាងគ្នាឱ្យកាន់តែច្រើន និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ខ្លាបន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;