ស្នងការនគរបាលរាជនីភ្នំពេញ ដាក់ផែនការពង្រឹងច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់

  • 2020-01-28 04:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​កាល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និង​បាន​ដាក់​ផែន​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកនៅក្នុងរាជធានីភ្នំពេញឱ្យបានម៉ឺងម៉ាត់និងមិនយោគយល់នោះឡើយ ដើម្បី​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតប្រជាពលរដ្ឋ ទន្ទឹម​ដែល​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កន្លងទៅថ្មីៗនេះ បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាដល់ចំណុចប្រកាសអាសន្ននោះហើយ។

ស្នងការនគរបាលរាជធានីភ្នំពេញ បាន​ដាក់​បទ​បញ្ជា​ឱ្យ​កម្លាំន​គរបាល​ចរាចរ​ការិយាល័យ​ជំនាញ និង​កម្លាំង​តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធាណីភ្នំពេញ ត្រូវរៀបចំកម្លាំង និង​មធ្យោបាយជាស្រេច ត្រៀមចេញអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត ដោយ​បែង​ចែក​កម្លាំងជាពីរកង គឺកម្លាំងអនុវត្តនៅពេលយប់ និងកម្លាំងអនុវត្តនៅពេលថ្ងៃ។ ត្រូវ​ធ្វើយ៉ាង​ណា​ក្នុង​សប្តាហ៍​នេះ​ត្រូវ​ចេញ​អនុវត្ត​ទៅ​តាម​គោល​ដៅ​ដែល​ជា​ចំណុច​ប្រឈម​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ញឹក​ញាប់និង ក៏បាន​ណែនាំ​ឱ្យ​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​ត្រួតពិនិត្យ​ត្រូវ​មាន​អាកប្បកិរិយា​សុភាពរាបសារប៉ុន្តែម៉ឺងម៉ាត់នឹងការងារ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ស ថេត បាន​រំលឹក​ដល់​មន្រ្តីន​គរបាល​ក្រោម​ឱវាទ​នៅ​ពេល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​មិនត្រូវឆ្លៀតឱកាសគាប​សង្កត់​ទារប្រាក់ពីប្រជាពលរដ្ឋនោះឡើយ។ ការ​ចុះ​រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ធ្វើរយៈពេល ១សប្តាហ៍ដើម្បីពិសោធន៍ចង់ដឹងថា តើ​ការ​ចុះ​អនុវត្ត​ក្នុង​អំឡុង​ពេលនេះបទល្មើសចរាចរណ៍វាកើនឡើងរឺក៏ថយចុះ។ ដើម្បី​យក​មក​វាយ​តម្លៃ​សភាព​ការណ៍​និងកំណត់​ទិសដៅអនុវត្តបន្តជាប្រចាំតែម្តង។

ចំពោះប្រតិបត្តិកាពិនិត្យរកឃើញអ្នកបើកបរល្មើសច្បាប់ត្រូវ​នាំគាត់​យក​មក​អប់រំ​នៅ​កន្លែង​មាន​សមត្ថកិច្ច​ចំណែក​មធ្យោបាយ​ល្មើស​ច្បាប់ត្រូវយកមករក្សាទុក ១សប្តាហ៍ទើបដោះឱ្យទៅវិញ ដោយ​មិន​ប៉ះពាល់​ថវិកា​របស់ប្រជាពលរដ្ឋនោះឡើយ។

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញឱ្យដឹងថា បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោកទូទាំងប្រទេស នៅឆ្នាំ២០១៩ បានកើតឡើងចំនួន ៤ ១២១លើក បណ្តាល ឱ្យមនុស្សស្លាប់ ១ ៩៨១នាក់ និងរងរបួស ៦ ១៤១នាក់។ ដោយឡែកនៅរាជធានីភ្នំពេញ បញ្ហា គ្រោះ ថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ របាយការណ៍បង្ហាញឱ្យដឹងថាបានកើតឡើងចំនួន ១.៦០៨លើក បណ្តាល​ឱ្យមនុស្សស្លាប់ចំនួន ៣៣៨នាក់ និងរងរបួស ១ ៧៣២នាក់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;