កម្ពុជា នឹងរៀបចំកិច្ចប្រជុំ៧ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

  • 2020-01-31 04:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ប្រកាសជាផ្លូវការថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា»។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលចំនួន ០៧ រួមមាន (១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (២) វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប (៣) កិច្ច​ប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប (៤) វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប (៥) វេទិកាការងារអាស៊ី-អឺរ៉ុប (៦) វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និង (៧) មហោ​ស្រព​វប្បធម៌​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប។ ជាកិច្ចបញ្ចប់ អង្គប្រជុំទាំងមូល សំដែងការសារទរ និង​រង់​ចាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី១៣ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និង​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូក​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង សហភាពអឺរ៉ុប។ នេះគឺជាលើកទី១ហើយ តាំងពីឆ្នាំ ១៩៩៦មក ដែល​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលរៀបដែលរៀបចំធ្វើ ២ឆ្នាំម្តង។

កិច្ចប្រជុំនេះ គឺជាការបើកផ្លូវឲ្យមានជំនួបពិភាក្សាក្នុងក្របខណ្ឌតំបន់ និងសកលលោកទាំងមូល រួម​មានទាំងបញ្ហានយោបាយ ការទូត ការអភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការលើកកម្ពស់សមភាពស្រ្តី និង​កុមារី ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរុប សន្តិសុខ ការទប់ស្កាត់ភេរវកម្ម ជន​អន្តោ​ប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;